ការយាងចូលទិវង្គតរបស់ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស គឺជាការបាត់បង់មហាវីរសង្ឃកំពូល

ភ្នំពេញ៖ ក្នុងនាមសមាជិក សមាជិកានៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខ្ញុំព្រះករុណា និងភរិយាមានក្ដីក្ដុកក្ដួល ខ្សឹកខ្សួល រំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់ចូលទិវង្គតនៅថ្ងៃនេះក្នុង ព្រះជន្ម ៩៣ ព្រះវស្សាដោយព្រះជរាពាធ។ នេះបើតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើរំលែកទុក្ខថ្វាយសម្តេចព្រះគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស។

សារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដដែលបន្តថា ក្នុងឱកាសប្រកបដោយស មានទុក្ខដ៏មហាក្រៀមក្រំនេះ ខ្ញុំព្រះករុណា និងភរិយា ព្រមទាំងសមាជិក សមាជិកា នៃឧត្តមក្រុមប្រឹ ក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មានក្តីសង្វេគសោកស្តាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការយាង ចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា សង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបាត់បង់មហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្តុង្គឧត្តមនៃកសិករ ដែលធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន និងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញនូវព្រះពុទ្ធសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម។ លើសពីនេះ ព្រះអង្គបានបូជាធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុតលះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសព្រះអង្គបានបង្កើតគណៈសង្ឃកម្ពុជាឡើងវិញ រហូតដល់ពេលបច្ចុប្បន្ន។

ជាថ្មីម្តងទៀត ខ្ញុំព្រះករុណានិងភរិយា ព្រមទាំងសមាជិក សមាជិកាទាំងអស់ សូមវន្ទាឧទ្ទិសដល់ដួង ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នាយប់ក្នុងថ្ងៃទី២៦ កុម្ភៈនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានផ្ញើសារ រំលែកទុក្ខចំពោះការយាងចូលព្រះទិវង្គតរបស់សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ភ្លាមៗផងដែរ។
សំណេរនៅក្នុងសាររបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី សម្ដេចបានសរសេរថា សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាសម្តេចព្រះមហាថេរដែលមានព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមបំ ផុត ក្នុងមួយព្រះជន្មសម្តេចបានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ វប្បធម៌ អរិយធម៌ អក្សរសាស្ត្រ ជាពិសេសចំពោះបុព្វហេតុនៃការរីកចម្រើនរុង រឿងក្នុងវិស័យព្រះពុទ្ធសាសនា។ ព្រះដំណើរអនិច្ចធម្មនៃសម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវធនធានដ៏កម្របំផុតរបស់ព្រះពុទ្ធសាសនា ដោយហេតុថា សម្តេចគឺជាវិញ្ញូសង្ឃ ដែលបានស្ថាបនានូវស្នាព្រះហស្តយ៉ាងច្រើនអនេក ទាំងពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់បច្ឆាជន ប្រើប្រាស់ជាធនធានក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិតទៅអនាគត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញា ណក្ខន្ធសម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមព្រះវិញ្ញាណក្ខន្ធសម្តេច បានយាងទៅកាន់ព្រះសុគតិភព និងទីបំផុតនៃព្រះជាតិ សូមបានយាងទៅដល់ស្ថានបរមសុខ គឺព្រះនិព្វាន កុំបីឃ្លៀងឃ្លាតទ្បើយ។

សូមបញ្ជាក់ផងដែរថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលព្រះទិវង្គត នៅអំឡុងវេលាម៉ោង ៥ និង ៤០ នាទីល្ងាច នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា៕