ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ជាថ្មីអំពីឆន្ទៈរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនវិនិយោគទុនជប៉ុន!

ក្នុងនាមជាតួអង្គមួយក្នុងចំណោមបណ្ដាតួអង្គផ្សេងទៀត នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអះអាងជាថ្មីទៀត អំពីការត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហការសម្របសម្រួល ជំរុញ និងលើកកម្ពស់បរិយាកាស នៃការវិនិយោគ ដើម្បីធានាជួយទាក់ទាញវិនិយោគិនជប៉ុន និងមកពីប្រទេសផ្សេងៗ។

ក្នុងជំនួបជាមួយឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម TAKAHASHI FUMIAKI បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក រវាងភាគី ទាំងពីរ រួមមានជាអាទិ៍ វិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃ បាននិងកំពុងអនុវត្តតួនាទី និងភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយ ការងារនេះ ក៏ត្រូវការកិច្ចសហការជាមួយភាគីពាក់ព័ន្ធរួមទាំងវិស័យឯកជន។

ជាការឆ្លើយតបឯកឧត្តម TAKAHASHI FUMIAKI បានជម្រាបជូនប្រមុខក្រសួងមហាផ្ទៃ ថាភាគីជប៉ុន នឹងដឹកនាំប្រតិភូ ធុរកិច្ចជប៉ុនមកប្រទេសកម្ពុជា ជាបន្តបន្ទាប់ ក្នុងនោះនាខែវិច្ឆិកាខាងមុខនេះ ឯកឧត្តម នឹងដឹកនាំប្រតិភូមួយក្រុមទៀត មកកាន់ប្រទេសកម្ពុជា ដើម្បីបង្កឱកាសសម្រាប់វិនិយោគិនជប៉ុន សិក្សាពីសក្តានុពលផ្សេងៗដែលកម្ពុជាមាន ដើម្បីវិនិយោគ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម ក៏ដូចជាគម្រោងទស្សនកិច្ចរបស់ប្រតិភូធុរកិច្ចជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា នាខែវិច្ឆិកា ខាងមុខ ព្រមទាំងអរគុណចំពោះភាគីជប៉ុន សម្រាប់កិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការវិនិយោគ៕