សម្តេចតេជោ បានថ្លែងបញ្ជាក់ថា តួអង្គសហស្ថាបនិកសម្រាប់ការចរចានយោបាយ បង្កើតព្រឹទ្ធសភា ពេលនោះ គឺនៅសល់តែសម្តេចម្នាក់ប៉ុណ្ណោះ
ភ្នំពេញ៖ ខណៈនេះ សម្តេចតេជោ បានថ្លែងថា ការប្តេជ្ញាចិត្តរបស់សម្តេច និងឯកឧត្តមទាំងពីរ ក្នុងការគោរព រដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម និងការអភិវឌ្ឍប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជន យើង ស័ក្តិសមទទួលបាននូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ហើយថែមទាំងជំរុញទឹកចិត្តយើង ទាំងអស់គ្នាឱ្យបន្តកេរដំណែលដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការងារប្រចាំថ្ងៃរបស់យើងទៀតផង។ទន្ទឹមនេះ ព្រឹទ្ធសភាក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួល ការងាររវាងរដ្ឋសភានិងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមាន ជាយថាហេតុ។
ក្នុងឋានៈជាសហស្ថាបនិកក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង សម្តេចតេជោ ហ៊ុន សែន សូមយកឱកាសដ៏កម្រនេះរំឭកពីសារៈសំខាន់ផ្នែកនយោបាយ នៃការបង្កើតព្រឹទ្ធសភា ក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយដល់ឯកភាព និងស្ថិរភាពជាតិ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២។
សម្តេចតេជោបានថ្លែងថា សុឆន្ទៈរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម តាមកិច្ចព្រមព្រៀងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងការទទួលយកការដឹកនាំស្ថាប័នកំពូលនេះនៅឆ្នាំ១៩៩៩ បានបើកច្រកឱ្យមានដំណោះស្រាយនយោបាយ និងកិច្ចសហប្រតិបត្តិការរវាង គណបក្សនយោបាយនានាដែលជាប់ឆ្នោត។ ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។ យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន រំលឹកថា ៥៤ឆ្នាំមុន រៀបចំចូលព្រៃតស៊ូ ពេលនេះមកដឹកនាំព្រឹទ្ធសភា អាយុ៣២ឆ្នាំក្លាយជានាយករដ្ឋមន្ត្រី អាយុ ៧២ឆ្នាំក្លាយជាប្រធានព្រឹទ្ធសភានាថ្ងៃនេះ៕