ការអះអាងពីការវាយប្រហាររវាង រុស្ស៊ីនិងអ៊ុយក្រែន លើប្រព័ន្ធការពារដែនអាកាសគ្នាទៅវិញទៅមក
បរទេស៖ រុស្ស៊ីកាលពីថ្ងអាទិត្យ បានលើកឡើងថា កងទ័ពរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីលអ៊ុយក្រែនជាច្រើនគ្រាប់ខណៈអ៊ុយក្រែនបាននិយាយថា ខ្លួនបានវាយប្រហារប្រព័ន្ធការពារដែនអាកាសរុស្ស៊ីខណៈភាគីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានអូសបន្លាយពេលអស់រយៈពេល២ឆ្នាំកន្លងមកនេះ បើយោងតាមព័ត៌មានបច្ចុប្បន្នភាពរបស់ភាគីទាំងពីរ បានអោយដឹង។
ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា កងទ័ពរបស់ខ្លួនបានវាយកម្ទេចការវាយប្រហារជាច្រើនដែលធ្វើឡើងដោយកងទ័ពអ៊ុយក្រែននៅមុខព្រួញផ្សេងៗគ្នា ក្នុងនោះរួមមានតំបន់អាវឌីវអ៊ីវកា ហ្សាប៉រីហ្សៀ និងតំបន់គូពីយ៉ាង(Kupiansk)។ ហើយខ្លួនក៏បានវាយប្រហាលើស្ថានីយសង្រ្គាមអេឡិចត្រូនិក ដេប៉ូស្ដុកគ្រាប់ រំសេវ ហើយនិងទីកន្លែងផ្សេងៗទៀតផងដែរ។
យោងតាមក្រសួងការពារជាតិ បានអោយដឹងថា កងទ័ពអាកាសរុស្ស៊ី បានបានស្ទាក់ចាប់រ៉ូកែតហ៊ីម៉ាស (HIMARS) និងយានដ្រូនជាច្រើនគ្រឿងក៍ដូចជាកាំជ្រួចពីរដើមរបស់អ៊ុយក្រែនពីលើដែនទឹកសមុទ្រខ្មៅផងដែរ។
នៅថ្ងៃជាមួយគ្នានេះដែរ នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានលើកឡើងថា កងទ័ពអ៊ុយក្រែនបាន វាយទប់ការវាយប្រហាររបស់រុស្ស៊ីជាច្រើនលើក នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។
ថ្លែងនៅឯវេទិកាស្ដីពីអ៊ុយក្រែន ឆ្នាំ២០២៤ ដែលបានធ្វើឡើងក្នុងក្រុងគីវ កាលពីថ្ងៃអាទិត្យរដ្ឋមន្រ្ដីការពារជាតិអ៊ុយក្រែន លោក រូសស្ទេម អ៊ូមេរ៉ូវ (Rustem Umerov) បានថ្លែងថា ប្រហែលជា ៥០% នៃជំនួយបស្ចឹមប្រទេសដែលបានសន្យាគឺមិនបានដឹកមកដល់ទាន់ពេលវេលាទេ។
លោកអ៊ូមេរ៉ូវបាននិយាយថា ប្រសិនបើជំនួយមិនត្រូវបានគេដឹកមកទាន់ពេលទេនោះ វានឹងធ្វើអោយកាន់តែពិបាកថែមទៀតសម្រាប់កងទ័ពអ៊ុយក្រែន នៅក្នុងការប្រយុទ្ធនឹងកងទ័ពរុស្ស៊ី នៅក្នុងសមរភូមិ៕