ការយាងចូលព្រះទិវង្គត របស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅល្ងាចថ្ងៃ ២៦ កុម្ភៈ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា
ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលព្រះទិវង្គត នាអំឡុងវេលាម៉ោង ៥ និង ៤០ នាទីល្ងាច កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះអង្គត្រូវបានគេទទួលស្គាល់ថា បានរៀបចំបង្កើតគណៈសង្ឃកម្ពុជាឡើងវិញ នៅក្រោយរបបកម្ពុជាប្រជាធិតេយ្យ និងបានរួមចំណែកធ្វើឱ្យវិស័យព្រះពុទ្ធសាសនារីកចម្រើនឡើងវិញ តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មក។
គួររម្លឹកផងដែរថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស កាលពីអំឡុងឆ្នាំ១៩៤៧ ព្រះអង្គបានបួសជាសាមណេរក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះសមុហ៍គណ ហ៊ីង ម៉ៅ និងជាព្រះចៅអធិការវត្តរាជបូព៌ ខេត្តសៀមរាប។
នៅអំឡុងឆ្នាំ១៩៥២ ព្រះអង្គបានបំពេញឧបសម្បទាជាព្រះភិក្ខុ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះសមុហ៍គណ ហ៊ីង ម៉ៅ នៅវត្តរាជបូព៌ដដែល។ គង់នៅទីនោះមួយរយៈ ព្រះអង្គត្រូវបានតែងតាំងជាគ្រូសូត្រឆ្វេង។ ចាប់ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ នៅក្នុងសម័យខ្មែរក្រហម ព្រះអង្គត្រូវបានពួក ប៉ុល ពត បង្ខំឱ្យសឹក និងត្រូវបានគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រះអង្គបាននិមន្តបួសឡើងវិញ ក្នុងពុទ្ធសីមាវត្តឧណ្ណាលោម ក្រុងភ្នំពេញ ដោយទទួលបានការតែងតាំងជាព្រះប្រធានសង្ឃកម្ពុជា ជាព្រះឧបជ្ឈាយ៍ និងជាព្រះវិន័យធរ។
ចំពោះការសិក្សាវិញ ព្រះអង្គទ្រង់បានសិក្សាចំណេះទូទៅច្រើន។ ព្រះអង្គក៏បានបញ្ចប់ការសិក្សាធម្មវិន័យទាំងបីកម្រិត គឺថ្នាក់ត្រី, ទោ និងឯក។ ព្រះអង្គចេះសូធ្យវិន័យបាដិមោក្ខយ៉ាងស្ទាត់ជំនាញ។ ព្រះអង្គមានជំនាញខាងវិបស្សនាធុរៈ និងសមថកម្មដ្ឋានយ៉ាងជំនាញ។
ព្រះអង្គបានទទួលគោរមងារជាព្រះមហាសុមេធាធិបតី និងជាសង្ឃនាយកនៅឆ្នាំ១៩៩១។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះមហាសុមេធាធិបតី ទេព វង្ស ត្រូវបានតែងតាំងជាសម្ដេចព្រះសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋ និងជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា(SNC)។
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ សម្ដេចព្រះសង្ឃរាជ ទេព វង្ស ត្រូវបានតែងតាំងជាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងបានទទួលព្រះរាជានុញ្ញាតពីសំណាក់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហមុនី ឱ្យប្រើរាជសព្ទ និងផ្លិតយសពិសេស។
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលព្រះទិវង្គតក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា៕