ចិនការពារសុវត្ថិភាពជនបរទេស ជុំវិញការរុកកួនតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការបញ្ចេញទឹក នៅហ្វូកូស៊ីម៉ា
ចិន៖ ក្រសួងការបរទេសចិន បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ នេះ ថា ដើម្បីឆ្លើយតបទៅនឹងការហៅទូរស័ព្ទទៅប្រទេសជប៉ុន ដែលត្រូវបានគេជឿថា មានប្រភពមកពីប្រទេសចិននោះ ប្រទេសរបស់ខ្លួនតែងតែការពារសុវត្ថិភាព និងសិទ្ធិស្របច្បាប់ ព្រមទាំងផលប្រយោជន៍របស់ជនបរទេស នៅប្រទេសចិន ស្របតាមច្បាប់ជានិច្ច។
ប្រទេសជប៉ុន បានឲ្យដឹងនៅថ្ងៃចន្ទថា ខ្លួនទទួលបានការហៅទូរស័ព្ទរំខានជាច្រើន ដែលទំនងជាហៅចេញមកពីប្រទេសចិន ទាក់ទងនឹងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មហើយពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយបានហៅការរុកកួននោះថា ជារឿង «គួរឲ្យសោកស្តាយបំផុត»។
ការហៅទូរស័ព្ទបែបនេះ បានជំរុញឲ្យអនុរដ្ឋមន្ត្រីការបរទេស លោក Masataka Okano កោះអញ្ជើញឯកអគ្គរដ្ឋទូតចិន បើតាមក្រសួងការបរទេសជប៉ុន។ ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសជប៉ុន បានរៀបរាប់ថា ការហៅទូរស័ព្ទជាច្រើន ក៏កំពុងកើតមានផងដែរ នៅរោងចក្រជប៉ុន ក្នុងប្រទេសចិន ហើយបានជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការសមស្របភ្លាមៗ និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជប៉ុន។
គួរបញ្ជាក់ថា ប្រទេសជប៉ុនបានចាប់ផ្តើមការបង្ហូរទឹក កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ សប្ដាហ៍មុន ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដកបន្ទុកសារធាតុមិនប្រើប្រាស់ពីរោងចក្រ Fukushima ដែលបានរងការបំផ្លិចបំផ្លាញ ៣ដង បន្ទាប់ពីរងការវាយប្រហារដោយរលកយក្សស៊ូណាមិ ក្នុងឆ្នាំ២០១១ ក្រោយពីមានការរញ្ជួយដីដ៏ខ្លាំងក្លាមួយ ហើយការបញ្ចេញទឹករបស់ជប៉ុននេះ បាននាំឲ្យប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ៕