បើសិនមាន «ឧបទ្ទវហេតុធ្ងន់ធ្ងរ» កើតឡើង ប៉ូឡូញនឹងរដ្ឋសមុទ្របាល់ទិក និងបិទព្រំដែនជាមួយបេឡារុស
ប៉ូឡូញ៖ កាលពីថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ បាននិយាយថា ប្រទេសប៉ូឡូញនឹងបណ្ដារដ្ឋសមុទ្របាល់ទិក និងបិទព្រំដែនជាមួយបេឡារុសទាំងស្រុង ប្រសិនបើមាន «ឧបទ្ទវហេតុធ្ងន់ធ្ងរ» ពាក់ព័ន្ធនឹងក្រុមទាហានស៊ីឈ្នួល Wagner កើតឡើង ដោយការលើកឡើងនេះ ត្រូវបានធ្វើឡើង ចំពេលមានការកើនឡើងនូវភាពតានតឹង នៅផ្នែកខាងកើតរបស់អង្គការណាតូ។
តាមព្រំដែនជាប់បេឡារុស ដែលមានសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ គឺឡាតវី លីទុយអានី និងប៉ូឡូញ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខ នៅបរិវេណព្រំដែន ចាប់តាំងពីក្រុមទាហានស៊ីឈ្នួល Wagner ដែលពោរពេញទៅដោយបទពិសោធន៍ ក្នុងសង្គ្រាមរបស់រុស្ស៊ី បានមកដល់បេឡារុស តាមការអញ្ជើញរបស់ប្រធានាធិបតី លោក Alexander Lukashenko។
បណ្តាប្រទេសទាំងនោះ ក៏បានមើលឃើញមានផងដែរនូវកំណើននៃចំនួនអន្តោប្រវេសន៍មជ្ឈិមបូព៌ា និងអាហ្រ្វិកដោយភាគច្រើន ព្យាយាមឆ្លងកាត់ឆ្លងព្រំដែនក្នុងប៉ុន្មានខែថ្មីៗនេះ ហើយចោទប្រកាន់បេឡារុសពីការសម្របសម្រួលឲ្យជនអន្តោប្រវេសន៍ទាំងនោះ ជាការអះអាង ដែលទីក្រុង Minsk បានច្រានចោល។
«យើងស្នើទៅអាជ្ញាធរ នៅទីក្រុង Minsk ថា ក្រុម Wagner គួរចាកចេញពីទឹកដីនៃប្រទេសបេឡារុសជាបន្ទាន់ ហើយជនអន្តោប្រវេសន៍ខុសច្បាប់គួរចាកចេញពីតំបន់ព្រំដែនភ្លាមៗ និងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ» បើតាមសន្និសីទសារព័ត៌មានរួមជាមួយសមភាគីលីទុយអានី ឡាតវី និងអេស្តូនី លោក Mariusz Kaminski បានលើកឡើង ។
លោកបានបន្ថែមថា៖ «ប្រសិនបើកើតមានឧបទ្ទវហេតុធ្ងន់ធ្ងរ មិនចំពោះថា នៅព្រំដែនប៉ូឡូញ ឬលីទុយអានីនោះទេ យើងនឹងតបតវិញភ្លាមៗ។ ច្រកព្រំដែនទាំងអស់ ដែលបានបើករហូតមកដល់ពេលនេះ នឹងត្រូវបិទ»។
ក្រសួងការបរទេសបេឡារុស មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ តាមរយៈសារអេឡិចត្រូនិក៕