ក្រុមប្រទេសជប៉ុន បានជ័យលាភីលេខ១ ការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ខណៈកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖ កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2023 ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២៧ខែសីហា ឆ្នាំ ២០២៣ ។

ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយមានក្រុមនិស្សិតមកពី ១៣ប្រទេសចូលរួម បូករួមទាំងក្រុម​និស្សិត​របស់កម្ពុជាចំនួន ២ក្រុមផងដែរ។

ព្រឹត្តិការណ៍ប្រកួតប្រជែង រ៉ូបូតថ្នាក់អន្តរជាតិABU Roboconនេះ ជាព្រឹត្តិការណ៍ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិកលើវិស័យបច្ចេកវិទ្យារ៉ូបូតដែលកម្ពុជា បានរៀបចំវាឡើង។ ព្រឹត្តិការណ៍គឺមានការចូលរួមប្រកួតពីក្រុមនិស្សិត ១៣ ប្រទេសចូលរួម ក្នុងនោះមាននិស្សិតកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ចិន ហុងកុង នេប៉ាល់ វៀតណាម ឥណ្ឌា ជប៉ុន ប្រទេសថៃ ម៉ុងហ្គោលី ស្រីលង្កា និងប្រទេសអេហ្ស៊ីប។

ចំពោះក្រុមប្រកួតវិញ គឺមានចំនួន ១៤ក្រុម ព្រោះកម្ពុជាមានចំនួន ២ក្រុម គឺក្រុមមកពីវិទ្យា​ស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមនិស្សិតនៃ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហៅកាត់ថា NPIC។

ក្រុមទាំងអស់ត្រូវប្រកួតប្រជែងក្រោមវិញ្ញាសារបស់កម្ពុជា គឺ រ៉ូបូតបាចផ្កាលើប្រាសាទអង្គរវត្ត រឺរ៉ូបូតបោះកងចូលក្នុងបង្គោល។

ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ការប្រកួតបានរកឃើញម្ចាស់ជើងឯកលេខ១ គឺក្រុមមកពី​ប្រទេសជប៉ុន លេខ២គឺក្រុមនិស្សិតហុងកុង លេខ៣គឺក្រុមប្រទេសចិន និងវៀតណាម។ សម្រាប់ក្រុមកម្ពុជា១ក្រុម បានធ្លាក់ក្នុងជម្រុះពូល និង១ក្រុមទៀត បានឡើងត្រឹមវគ្គ ៨ក្រុមចុងក្រោយ។

ចំពោះក្រុមកម្ពុជាទាំងពីរក្រុម ទោះមិនទទួលលទ្ធផលគាប់ប្រសើរ តែពួកគេពេញចិត្តដែលមាន​ការរៀបចំអោយមានព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិនេះឡើង។ ភាពពេញចិត្តដោយសារពួកគេ បានសិក្សាស្វែងយល់កាន់តែច្រើនពីភាពខ្លាំងបច្ចេកវិទ្យារ៉ូបូតក្រុមដទៃ ហើយវាជាឱកាស​ដើម្បីយកបទពិសោធន៍នេះ អភិវឌ្ឍន៍​រ៉ូបូតខ្លួនឱ្យកាន់តែប្រសើរ។

សម្រាប់អ្នកចូលរួមទស្សនា ក្នុងព្រឹត្តិការណ៍នេះ ក៏មានចម្រុះជាតិសាសន៍ ​គាំទ្រប្រទេសរៀងៗខ្លួន។ អ្នកគាំទ្រកម្ពុជា បង្ហាញការសប្បាយចិត្តដែលកម្ពុជា ​បានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ ព្រោះវាផ្ដល់ជាផលប្រយោជន៍ឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន។ ម្យ៉ាងទៀត ពួកគេក៏កោតសសើរចំពោះក្រុមកម្ពុជា ដែលបានខំប្រឹងប្រែងទោះមិនបានជ័យជំនះក្ដី។

ព្រឹត្តិការណ៍ប្រកួតរ៉ូបូតនេះ នៅឆ្នាំ ២០២៤ គឺនឹងផ្លាស់ប្រទេសជាម្ចាស់ផ្ទះ។ ប្រទេសដែលនឹងរៀបចំព្រឹត្តិការណ៍នេះ នៅឆ្នាំ ២០២៤ គឺប្រទេស ​វៀតណាម។ ចំពោះវិញ្ញាសាគឺកំណត់ដោយប្រទេសវៀតណាមផងដែរ៕