ប៉ាតាយ៉ា៖ បុរសជនជាតិថៃម្នាក់ ប៉ុនប៉ងចាប់រំលោភ និងប្លន់ស្រ្តីអ្នកទេសចរជនជាតិចិន ប៉ុន្តែមិនបានសម្រេច

ថៃ៖ នៅក្បែរព្រៃផ្លូវក្បែរក្លឹប Siam Country ក្នុងក្រុង ប៉ាតាយ៉ា ខេត្ត ឈុនបុរី កាលពីយប់ថ្ងៃទី ១៨ ខែកុម្ភៈ ប៉ូលិសរបស់ប្រទេសថៃ បានចាប់ខ្លួនបុរសម្នាក់ដែលបានប៉ុនប៉ងរំលោភ និងប្លន់អ្នកទេសចរចិនម្នាក់ ។

ស្ត្រីជនជាតិចិនអាយុ ២៩ឆ្នាំត្រូវបានគេស្គាល់ថា Meilin បានប្រាប់ប៉ូលីសនៅស្ថានីយ៍ Nong Prue កាលពីថ្ងៃអាទិត្យថា នាងត្រូវបានវាយប្រហារនិងប្លន់ដោយបុរសជនជាតិថៃ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នាងបាននិយាយថា ជនសង្ស័យ រួមនឹងបុរសជនជាតិថៃម្នាក់ទៀត បានឲ្យនាង និងប្អូនប្រុសរបស់នាងជិះជាមួយ ខណៈពួកគេកំពុងរង់ចាំការដឹកជញ្ជូនសាធារណៈ នៅលើផ្លូវ Satthip-Nakhon Ratchasima ចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។

ស្ត្រីរូបនេះបាននិយាយទៀតថា នាងនឹងប្អូនប្រុស បានព្រមព្រៀងគ្នា និងបុរសទាំងពីរទៅតំបន់ប៉ាតាយ៉ាខាងត្បូង ដោយជិះម៉ូតូដាច់ពីគ្នា ប៉ុន្តែបុរសដែលនាងជិះម៉ូតូជាមួយនោះបានជិះខុសផ្លូវ ហើយបង្ខំនាងចុះពីលើម៉ូតូ រួចព្យាយាមចាប់រំលោភ។

នៅពេលដែលការប៉ុនប៉ងចាប់រំលោភមិនបានសម្រេច បុរសនោះបានចងដៃ និងជើងរបស់នាង យកលុយរបស់នាងចំនួន ១៥.០០០បាត និង ១៥.០០០យ័នចិន ហើយដុតស្មៅជុំវិញកន្លែងកើតហេតុ ដើម្បីបំផ្លាញភស្តុតាង មុនពេលរត់គេចខ្លួនពីកន្លែងកើតហេតុ៕