កសិករឥណ្ឌាបានដើរក្បួនសំដៅរដ្ឋធានី នគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់
ឥណ្ឌា៖ មន្ត្រីនគរបាលនៅប្រទេសឥណ្ឌា បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកការតវ៉ារបស់កសិករ ខណៈដែលក្រុមអ្នកតវ៉ាទាំងនោះបានចាប់ផ្ដើមការហែក្បួនឡើងវិញសំដៅទៅកាន់រដ្ឋធានី ជាមួយរថយន្តស្ទូច និងគ្រឿងចក្រ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាល ជុំវិញការធានាតម្លៃសម្រាប់ផលិតផលរបស់ពួកគេ មិនអាចបំបែកភាពទាល់ច្រកបាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ។
នៅភាគខាងជើងនៃរដ្ឋធានីញូវដេលី ដើម្បីកុំឲ្យផ្សាភ្នែកដោយសារឧស្ម័ន និងសំណុំផ្សែង កសិកររាប់ពាន់នាក់ ដែលខ្លះមានពាក់ម៉ាស់របស់ពេទ្យ បានសំដៅរត់ទៅវាលស្រែ នៅជុំវិញកន្លែងប្រមូលផ្តុំលើផ្លូវហាយវេមួយចម្ងាយប្រហែល ១២៥ម៉ាយល៍ (២០១,១៦៨គីឡូម៉ែត្រ) ។
សូមបញ្ជាក់ដែរថា វិធានការរបស់នគរបាលនេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi បានផ្តល់នូវសំណើថ្មី ដើម្បីឲ្យចាប់ផ្ដើមការចរចារឡើងវិញ ពាក់ព័ន្ធនឹងការទាមទាររបស់កសិករ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Arjun Munda បានជំរុញឲ្យកសិករដោះស្រាយទុក្ខលំបាករបស់ពួកគេតាមរយៈការចរចាពិភាក្សាគ្នា។
ក្រុមកសិករបានច្រានចោលសំណើពីមុនរបស់រដ្ឋាភិបាល កាលពីថ្ងៃទី១៩ ខែកុម្ភៈ សម្រាប់កិច្ចសន្យារយៈពេល ៥ឆ្នាំ និងការធានានូវតម្លៃគាំទ្រចំពោះផលិតផលកសិផលនានា ដូចជាពោត កប្បាស និងគ្រាប់ធញ្ញជាតិផ្សេងទៀត។
កសិករដែលភាគច្រើនមកពីរដ្ឋ Punjab ភាគខាងជើង បាននិងកំពុងទាមទារឲ្យទទួលបានតម្លៃខ្ពស់ជាងមុន ដែលត្រូវបានគាំទ្រដោយច្បាប់ សម្រាប់ដំណាំកសិកម្មរបស់ពួកគេ។ ពួកគេបង្កើតបាននូវប្លុកអ្នកបោះឆ្នោតដ៏មានឥទ្ធិពល ដែលធ្វើឲ្យលោក Modi មិនអាចបង្ហាញអារម្មណ៍ខឹងសម្បាបាន ព្រោះវានឹងជះឥទ្ធិពលនៅមុនការបោះឆ្នោតសកល ដែលគ្រោងនឹងកើតឡើងនៅខែឧសភា៕