ប្រមុខការពារជាតិរុស្ស៊ី អះអាងថា រុស្ស៊ីមិនមានផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ក្នុងលំហអាកាសទេ

រុស្សី៖ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានលើកឡើងថា សហព័ន្ធរុស្ស៊ី មិនមានផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងលំហអាកាសទេ។

លោក Sergei Shoigu ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានTASS បានលើកឡើងថា ប្រទេសរុស្ស៊ី មិនបានដាក់ និងមិនមានផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងលំហអាកាសទេ។

លោក Mike Turner ប្រធានគណៈកម្មាធិការចារកម្មសភាអាមេរិក បានបញ្ជូនព័ត៌មានចារកម្មអំពី«ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ» ដល់សមាជិកសភា កាលពីថ្ងៃទី១៤ ខែកុម្ភៈ វាត្រូវបានគេដឹង យោងតាមប្រភពសារព័ត៌មាន CNN បានអះអាងថា ការគំរាមកំហែងនេះ គឺទាក់ទងនឹងរុស្ស៊ី។

សារព័ត៌មាន ABC News ដែលបានដកស្រង់ប្រភពព័ត៌មានពីរ បានរាយការណ៍ថា៖«ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ»របស់សហរដ្ឋអាមេរិកទាក់ទងនឹងគោលបំណងរបស់រុស្ស៊ី ក្នុងការបាញ់បង្ហោះ អាវុធនុយក្លេអ៊ែរទៅក្នុងលំហ។

ក្រោយមក សារព័ត៌មានCNN បានរាយការណ៍ដោយដកស្រង់ប្រភពសន្តិសុខរបស់សហរដ្ឋអាមេរិកថា ការគំរាមកំហែងនេះ ទាក់ទងនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីដែលមានសមត្ថភាព បង្កើតរលកថាមពល និងអាចបំផ្លាញផ្កាយរណបបានមួយចំនួនធំ៕