អនុសាសន៍សំខាន់ៗ សម្តេចធិបតី ផ្តល់ឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនុវត្តបន្ត
ភ្នំពេញ៖ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ អគារ តេជោសែន ” និង “ បិទសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ”នៅទីស្តីការក្រសួងនារសៀលថ្ងៃទី២១កុម្ភ:នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍១៣ចំណុចឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ យកទៅអនុវត្តបន្ត។
អនុសាសន៍ទាំងនេះ៖
ទី១- ត្រូវចូលរួមពន្លឿនការ ធ្វើបដិវត្តកម្ម ឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញនិងចំណេះដឹង ដោយតភ្ជាប់ទៅ នឹងខ្សែចង្វាក់តម្លៃសកល ធ្វើសមាហរណកម្មទៅក្នុងបណ្ដាញផលិតកម្មតំបន់និងអភិវឌ្ឍន៍កន្សោមផលិតកម្មប្រទាក់ក្រឡាតាមរយៈការលើកកម្ពស់ លទ្ធភាពឧស្សាហកម្មការពង្រឹងសុវត្ថិភាពការងារនិងបរិស្ថាននិងការវាយតម្លៃការទទួលស្គាល់សមត្ថភាពរបស់អង្គភាពវាយតម្លៃអនុលោមភាព ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់និងសកលលោក។ សម្ដេចបានគាំទ្រគំនិតផ្ដួចផ្ដើមរបស់ក្រសួងក្នុងការរៀបចំចងក្រងជាសម្ព័ន្ធនៃបណ្តា មន្ទីរពិសោធន៍ជាតិ ដើម្បីបំពេញឲ្យគ្នាទៅវិញទៅមក និងបង្កើតជាប្រព័ន្ធអេកូឡូស៊ី ហេដ្ឋារចនាសម្ព័ន្ធគុណភាព ដែលនឹងគាំទ្រដល់ធុរកិច្ច នៅកម្ពុជាហើយក៏សូមលើកទឹកចិត្តឲ្យបណ្ដាមន្ទីរពិសោធន៍ចូលរួមសហការនិងលើកកម្ពស់សមត្ថភាពខ្លួនឯង។
ទី២- ត្រូវជំរុញរៀបចំការចុះបញ្ជីប្រព័ន្ធស្វ័យប្រវត្តិកម្ម ឲ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំ ២០២៤ ត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុកនិងធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីតាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ ត្រូវរៀបចំទិន្នន័យទីតាំងរោងចក្រ តាមប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ដើម្បីផ្ដល់សុក្រិដ្ឋភាព ក្នុងការគ្រប់គ្រង ព្រមទាំងព្យាយាមទាញយកផលប្រយោជន៍ពីកម្មសិទ្ធិឧស្សាហកម្មលើមូលដ្ឋានកិច្ចសហប្រតិបត្តិការភាពជាដៃគូជាក់លាក់ទៅវិញទៅមកនិងបង្កើតទំនុកចិត្ត ក្នុងផលិតកម្មនិងធុរកិច្ច។ លើសពីនេះត្រូវពង្រឹងជំនាញផ្នែកបច្ចេកទេសយានយន្ត យានយន្តអគ្គិសនីនឹងអេឡិចត្រូនិច ក្នុងវិស័យឧស្សាហកម្ម ដោយយកចិត្តទុកដាក់ចំពោះការដំឡើង ការផ្គុំនិងពាក់កណ្ដាលផលិតកម្ម។
ទី៣- ត្រូវដឹកនាំនិងជំរុញ ចលនាបង្កើនផលិតកម្មនិងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ជាពិសេសការផលិតវត្ថុធាតុដើមនិងផលិតផលពាក់កណ្ដាលសម្រេចពីធនធានក្នុងស្រុក ដើម្បីកសាងខ្សែចង្វាក់ផ្គត់ផ្គង់មួយដែលជួយកាត់បន្ថយការពឹងផ្អែកការនាំចូល បង្កើនតម្លៃបន្ថែមខ្ពស់និងបង្កើនការងារជូនផលិតករនិងអ្នកកែច្នៃក្នុងស្រុកផ្សេងទៀត។
ទី៤- ការចូលរួមសិក្សាស្រាវជ្រាវ អំពីធនធានដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងសិក្សាអំពីលទ្ធភាពបង្កើតសួនឧស្សាហកម្មរបស់ជាតិមួយដែលអាចសម្រួលគ្រប់នីតិវិធីនិងបែបបទ គយ ពន្ធដារនិងបរិស្ថាន ពាណិជ្ជកម្ម សេវាកម្មឡូជីស្ទីក និងកិច្ចការទាំងឡាយដែលពាក់ព័ន្ធនឹងការស្នើសុំបង្កើតឧស្សាហកម្មនៅក្នុងតំបន់នេះ។លើសពីនេះ ត្រូវបន្តជំរុញការបង្កើតបណ្ដុំសួនសហគ្រាសធុនតូចនិងមធ្យមSME ដែលដោះស្រាយបញ្ហានគររូបនីយកម្មនិងទាក់ទាញវិនិយោគិនថ្មីៗ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាដែលនឹងបង្កើតបានជាប្រព័ន្ធប្រទាក់ក្រឡាគ្នានិងទ្រទ្រង់គ្នាទៅវិញទៅមករវាងសហគ្រាសធុនតូចនិងមធ្យមនិងវិនិយោគផ្ទាល់ពីបរទេស។ដោយឡែករាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពបន្ថែមទៀតលើកញ្ចប់ថវិកាដែលមានស្រាប់របស់ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគ្រាសធុនតូចនិងមធ្យម នៅក្នុងការទទួលបានកម្ចីទំហំធំនិងរយៈពេលយូរជាងមុន។
ទី៥- ត្រូវពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការផ្ទេរបច្ចេកវិទ្យា សេចក្តីព្រាងអនុក្រឹត្យស្ដីពីការបង្កើននិងការគ្រប់គ្រងតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូចនិងមធ្យម សេចក្តីព្រាងអនុក្រឹត្យស្ដីពីការបង្កើតសហគ្រាស សហគមន៍ សហគ្រាសធុនតូចនិងមធ្យមនិងសេចក្តីព្រាងអនុក្រឹត្យស្ដីពីការស្រាវជ្រាវនឹងអភិវឌ្ឍ។
ទី៦- ពិនិត្យលទ្ធភាពក្នុងការចូលរួមអនុវត្តការងារនៅក្នុងគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតមជ្ឈមណ្ឌលគាំទ្រធុរកិច្ចនិងSMEក្នុងការចាប់យកឌីជីថល ដើម្បីចូលរួម បណ្ដុះផ្នត់គំនិត សហគ្រិនភាពនិងលើកកម្ពស់ការប្រើប្រាស់និងចាប់យកបច្ចេកវិទ្យាឌីជីថលក្នុងអាជីវកម្មសម្រាប់បង្កើនប្រសិទ្ធភាព ប្រតិបត្តិការ ធុរកិច្ចនិងបង្កើនលទ្ធភាពពង្រីកទីផ្សារ ទាំងក្នុងតំបន់និងសាកល។ក្នុងទិសដៅនេះ ត្រូវបន្តដឹកនាំនិងពង្រីកអាណត្តិរបស់សហគ្រិនខ្មែរ ឲ្យក្លាយជាកត្តាលិករ នៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងជាស្ពានគាំទ្រការបង្កើតនិងការអភិវឌ្ឍ វិស័យថ្មីៗទៀត។