ក្រោយការដួលរលំដ៏វឹកវររបស់ក្រុង Avdiivka កងទ័ពរុស្ស៊ីនឹងវាយរុញបន្ថែមទៀតចូលក្នុងអ៊ុយក្រែន
រុស្សី៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីថ្ងៃម្សិលមិញថា កងទ័ពរុស្ស៊ី នឹងវាយរុញបន្ថែមទៀតចូលទៅក្នុងទឹកដីអ៊ុយក្រែន ដើម្បីកសាងភាពជោគជ័យរបស់ពួកគេនៅលើសមរភូមិ បន្ទាប់ពីការដួលរលំនៃទីក្រុង អាវឌីអ៊ីវកា (Avdiivka) ជាទីដែលលោកបាននិយាយថា កងទ័ពអ៊ុយក្រែនត្រូវបានបង្ខំឱ្យភៀសខ្លួនក្នុងភាពវឹកវរ។
ទីក្រុងដែលធ្លាប់មានប្រជាជនរស់នៅចំនួន ៣២.០០០ នាក់នេះ បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ ដែលជាជ័យជម្នះលើសមរភូមិដ៏ធំបំផុតរបស់លោក ពូទីន ចាប់តាំងពីកងកម្លាំងរុស្ស៊ី បានដណ្តើមយកទីក្រុង បាកមុត (Bakhmut) ក្នុងខែឧសភា ឆ្នាំ២០២៣ មក។
លោក ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា បញ្ជារបស់អ៊ុយក្រែនឱ្យដកទ័ពចេញពីទីប្រជុំជននេះត្រូវបានប្រកាស បន្ទាប់ពីទាហានអ៊ុយក្រែនបានចាប់ផ្តើមរត់ភៀសខ្លួននៅក្នុងភាពវឹកវររួចហើយ។ លោកបានបន្ថែមថា ទាហានអ៊ុយក្រែនទាំងអស់ដែលត្រូវបានចាប់ខ្លួន គួរតែត្រូវបានគោរពតាមសិទ្ធិរបស់ពួកគេក្រោមអនុសញ្ញាអន្តរជាតិស្តីពីឈ្លើយសឹកសង្រ្គាម៕