សម្តេចតេជោ ហ៊ុន សែន អញ្ជើញកូនស្រីពៅលោក ថាក់ស៊ីន ប្រធានគណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពាក់កណ្ដាលខែមីនាខាងមុខ
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសចុះសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់គេហដ្ឋានផ្ទាល់នៅទីក្រុងបាកកប្រទេសថៃ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានថ្លែងថា សម្តេចបានអញ្ជើញ លោកស្រី អ៊ួង អ៊ីន ដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីន ហើយជាប្រធាន គណបក្សភឿថៃផងនោះ ឲ្យមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពាក់កណ្តាលខែមិនា ឆ្នាំ២០២៤នេះ ដើម្បីពង្រឹងចំណងមិត្តភាពនៃគណបក្សទាំងពីរ (គណបក្សប្រជាជនកម្ពុជា -ភឿថៃ)។
តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នារសៀលថ្ងៃទី២១ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះនៅទីក្រុងបាងកក។ឯកឧត្តមថាក់ ស៊ីនទោះបីមានជម្ងឺ ក៏បានទទួលយើងក្នុងនាមជាបងប្អូន ដោយមានការចូលរួមរបស់ អ៊ួង អ៊ីន កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ។
សម្តេចតេជោ បានបន្ថែមទៀតថា«ដើម្បីពង្រឺងចំណងមិត្តភាពខ្ញុំបានអញ្ជើញ អ៊ួង អ៊ីង ប្រធានគណបក្សភឿថៃទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ១៤ និង១៥មិនា ២០២៤ខាងមុខ»។ សម្តេចតេជោ បានលើកឡើងទៀតថា អតីតនាយករដ្ឋមន្ត្រី២នាក់ (សម្តេចតេជោ និងលោកថាក់ស៊ីន) ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សាវរីយ៍រយៈពេល៣២ឆ្នាំ នៃមិត្តភាពរបស់លោកទាំងពីរតាំងពីឆ្នាំ១៩៩២មក។ «អរគុណបងប្រុស និងក្មួយស្រី ដែលបានទទួលខ្ញុំនៅថ្ងៃនេះ»៕