ចិនបញ្ជាក់អ៊ុយក្រែនថា ខ្លួនមិនលក់អាវុធឱ្យភាគីជម្លោះ ហើយចិនក៏មិនបន្ថែមប្រេង លើភ្លើងផងដែរ
ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអ៊ុយក្រែនថា ទីក្រុងប៉េកាំងនៅតែអព្យាក្រឹតក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយនឹងមិនលក់អាវុធឱ្យភាគីណាមួយឡើយ។ លោក Wang Yi និង Dmitry Kuleba បានជួបប្រជុំគ្នានៅឯសន្និសីទសន្តិសុខទីក្រុង Munich លើកទី ៦០ កាលពីថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចពិភាក្សានេះគឺជាការជួបគ្នាកម្រិតខ្ពស់ លើកដំបូងរវាងទីក្រុងប៉េកាំង និងទីក្រុងគៀវ ចាប់តាំងពីប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានស្នើសុំជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង នៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស កាលពីខែមករា ដែលជាសំណើមួយដែលត្រូវបានគេរាយការណ៍ថា ចិនបានច្រានចោល។
លោក Wang Yi បានប្រាប់លោក Kuleba ថា ប្រទេសចិននឹងមិន “បន្ថែមប្រេងទៅក្នុងភ្លើង” ស្វែងរកប្រាក់ចំណេញពីការប្រយុទ្ធគ្នា ឬ “លក់អាវុធធុនធ្ងន់នៅក្នុងតំបន់ជម្លោះ” នេះបើយោងតាមការអានរបស់ក្រសួងការបរទេស។ លោក Wang Yi បានបន្ថែមថា «បើទោះជាមានក្តីសង្ឃឹមសម្រាប់ សន្តិភាពតែបន្តិចបន្តួចក៏ដោយ ក៏ចិននឹងមិនបោះបង់ការខិតខំប្រឹងប្រែងរបស់ខ្លួនឡើយ»។
សូមជម្រាបថា នៅឆ្នាំ ២០២២ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើ អាជីវកម្មជាច្រើននៅក្នុងប្រទេសចិន ដែលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថា ចិនបានជួយយោធារុស្ស៊ី។ ចិនបានបដិសេធការអះអាងរបស់អាមេរិកដែលថា ខ្លួនកំពុងពិចារណាផ្តល់អាវុធដល់រុស្ស៊ី។ អ៊ុយក្រែនបានស្វែងរកការគាំទ្រ ពីប្រទេសចិនជាយូរយារណាស់មកហើយ សម្រាប់ផែនការសន្តិភាព ១០ ចំណុចដែលស្នើឡើងដោយលោក Zelensky កាលពីខែវិច្ឆិកាឆ្នាំមុន ដែលអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានច្រានចោលថា ជា “ឱសានវាទគ្មានន័យចំពោះរុស្ស៊ី ដែលមានគោលបំណងអូសបន្លាយអរិភាព”។ ផែនការនេះរួមបញ្ចូលទាំងការស្ដារឡើងវិញ នូវព្រំដែនឆ្នាំ១៩៩១ របស់អ៊ុយក្រែន៕