ការប្រមូលផ្តុំកាន់មរណៈទុក្ខលោក Navalny មនុស្សជាង ៤០០ នាក់ត្រូវបានឃុំខ្លួននៅទូទាំងរុស្ស៊ី

រុស្សី៖ មនុស្សជាង ៤០០ នាក់ត្រូវបានឃុំខ្លួននៅក្នុងព្រឹត្តិការណ៍នានា នៅទូទាំងទីក្រុងចំនួន ៣២ របស់ប្រទេសរុស្ស៊ី ចាប់តាំងពីការស្លាប់របស់លោក អាឡិចស៊ី ណាវាលនី (Alexei Navalny) ដែលជាគូប្រជែងដ៏ខ្លាំងក្លាបំផុតរបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Putin) ខណៈដែលប្រជាជនរុស្ស៊ី ជាច្រើនបានបន្តប្រមូលផ្ដុំកាន់មរណៈទុក្ខ និងដាក់ផ្កា នេះបើយោងតាមឱ្យដឹងរបស់ក្រុមសិទ្ធិមនុស្ស OVD-Info ។

នៅក្នុងព្រឹត្តិការណ៍នយោបាយនៅប្រទេសរុស្ស៊ី នេះគឺជារលកដ៏ធំបំផុតនៃការចាប់ខ្លួន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ មក នៅពេលដែលមនុស្សជាង ១.៣០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្មប្រឆាំងនឹង «ការចល័តដោយផ្នែក» នៃក្រុមបម្រុងសម្រាប់យុទ្ធនាការយោធារបស់លោក ពូទីន នៅអ៊ុយក្រែន។

សេវាពន្ធនាគារបាននិយាយថា លោក ណាវាលនី អតីតមេធាវីវ័យ ៤៧ ឆ្នាំបានសន្លប់ហើយបានស្លាប់កាលពីថ្ងៃសុក្រ នៅពន្ធនាគារអាណានិគមព្រហ្មទណ្ឌអាកទិក «ផូឡា វ៉ូហ្វ» (Polar Wolf) ជាទីដែលលោកកំពុងជាប់ពន្ធនាគាររយៈពេល ៣ ទសវត្សរ៍។

មរណៈភាពរបស់លោក ណាវាលនី បានបង្កកំហឹងក្នុងចំណោមក្រុមប្រឆាំងរបស់រុស្ស៊ី នៃមេដឹកនាំដ៏លេចធ្លោបំផុតរបស់ខ្លួន ខណៈដែលលោក ពូទីន ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតប្រធានាធិបតីខែមីនា ដែលជាការបោះឆ្នោតយកគួរ ដែលបានធ្វើឡើងដើម្បីរក្សាអតីតចារកម្ម KGB រូបនេះឱ្យកាន់អំណាចរហូតដល់យ៉ាងហោចណាស់ឆ្នាំ ២០៣០៕