តំបន់សង្រ្គាមហ្កាហ្សា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន កើនលើសពី ២៨.៨០០ នាក់

ហ្កាហ្សា៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សា បានកើនឡើងលើសពី ២៨.៨០០ នាក់ នេះបើតាមក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានលើកឡើងកាលពីថ្ងៃសៅរ៍។

ក្រសួងនេះបាននិយាយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨៣ នាក់ និងបង្ករបួស ១២៥ នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៨.៨៥៨ នាក់ និងអ្នករបួសឡើងដល់ ៦៨.៦៧៧ នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។

កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើទីក្រុងហ្កាហ្សា នៅភាគខាងជើង និងទីក្រុងរ៉ាហ្វា (Rafah) នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្រ្ទីប ចាប់ពីយប់ថ្ងៃសុក្រ ដល់ព្រឹកថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ យោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន ។

ទូរទស្សន៍រដ្ឋប៉ាឡេស្ទីនបានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល ក៏បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងទៅលើជំរំជនភៀសខ្លួន នូសៃរ៉ាត់ (Nuseirat) ទីក្រុង ដឺ អាល់បាឡា (Deir al-Balah) និងកន្លែងផ្សេងទៀតនៅភាគកណ្តាលតំបន់ហ្កាហ្សាស្រ្ទីប កាលពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤០ នាក់ស្លាប់ និងរាប់សិបនាក់រងរបួស៕