ប្រមុខដឹកនាំកំពូលអ៊ុយក្រែន ត្រៀមខ្លួនអមដំណើរលោក ដូណាល់ ត្រាំ ចូលទៅតំបន់សមរភូមិជាមួយរុស្សី

អ៊ុយក្រែន៖ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានស្នើឱ្យលោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចនៅតំបន់សមរភូមិរបស់ទីក្រុងគៀវ ជាមួយកងកម្លាំងរុស្ស៊ី ដោយនិយាយលោកថា បេក្ខភាពប្រធានាធិបតីបក្សប្រឆាំង ឈានមុខគេរបស់អាមេរិករូបនេះ គួរតែទៅមើលឃើញ ជម្លោះដោយផ្ទាល់នឹង ភ្នែករបស់គាត់ មុនពេលធ្វើការសម្រេចចិត្ត គោលនយោបាយ។

លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃសៅរ៍ នៅឯសន្និសិទសន្តិសុខទីក្រុង Munich ថា “ប្រសិនបើគាត់នឹងមក ខ្ញុំបានត្រៀមខ្លួនជាស្រេច ដើម្បីទៅជាមួយគាត់ទៅកាន់ជួរមុខ” ។ “ខ្ញុំគិតថាប្រសិនបើយើងពិភាក្សាពីរបៀបបញ្ចប់សង្រ្គាម យើងត្រូវបង្ហាញដល់មនុស្សដែលជាអ្នកសម្រេចចិត្ត តើវាមានន័យយ៉ាងណា ជាសង្រ្គាមពិតប្រាកដ មិនមែននៅក្នុង Instagram នោះទេ” នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោក ត្រាំ កំពុងបោះឆ្នោតជាបេក្ខជន នាំមុខគេខាងគណបក្សសាធារណរដ្ឋ នាពេលបច្ចុប្បន្ន ដើម្បីប្រឈមមុខនឹងលោក Joe Biden ដែលជាប្រធានគណបក្ស ប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតប្រធានាធិបតី អាមេរិកនៅឆ្នាំនេះ ។ អតីតប្រធានាធិបតីអាមេរិករូបនេះ បានអះអាងម្តងហើយម្តងទៀតថា លោកនឹងបញ្ចប់ជម្លោះនៅអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីការចូលកាន់តំណែងម្តងទៀត ដោយបង្ខំឱ្យលោក ហ្សលេនស្គី និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចរចាគ្នា ។

មេដឹកនាំអ៊ុយក្រែនបានចំអក ការអះអាងទាំងនោះយ៉ាងហោចណាស់ពីរដង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយស្នើថា លោក Trump គួរតែទៅប្រទេសអ៊ុយក្រែន ដើម្បីមើលទំហំនៃជម្លោះដោយខ្លួនគាត់ ។ លោក ហ្សេលេនស្គី បាននិយាយកាលពីខែវិច្ឆិកាថា “ប្រសិនបើគាត់អាចមកទីនេះ ខ្ញុំនឹងត្រូវការពេល ២៤ នាទី ដើម្បីពន្យល់ប្រធានាធិបតី Trump ថាគាត់មិនអាចគ្រប់គ្រងសង្រ្គាមនេះបានទេ” ៕