ឆ្នាំ២០២៨ខាងមុខ សេដ្ឋកិច្ចរបស់ប្លុក BRICS អាចវ៉ាដាច់សេដ្ឋកិច្ចប្លុក G7

បរទេស៖ លោកស្រី Dilma Rousseff ប្រធានធនាគារអភិវឌ្ឍន៍ថ្មី ដែលហៅកាត់ថា NDB បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសជាសមាជិក BRICS នឹងវ៉ាដាច់ G7 ទៅលើចំណែកនៅក្នុង GDP សកលក្នុងរយៈពេល៤ឆ្នាំខាងមុខ។

នាកិច្ចប្រជុំកំពូលរដ្ឋាភិបាល ពិភពលោកនៅទីក្រុងឌូបៃ ប្រធានក្រុមហ៊ុនផ្តល់ប្រាក់ កម្ចីអន្តរជាតិនេះបានថ្លែងថា ជាមួយនឹងការបន្ថែមសមាជិកថ្មី ភាគហ៊ុនរបស់ក្រុមនៅក្នុងទិន្នផល សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ពី៣៥ភាគរយ បច្ចុប្បន្នដល់៤០ភាគរយ នៅឆ្នាំ២០២៨ ខណៈពេលដែលក្រុម G7 ក្រុមប្រទេសអភិវឌ្ឍន៍ នឹងធ្លាក់ចុះមកត្រឹម២៧,៨ភាគរយ ។

លោកស្រី Rousseff ក៏បានកត់ សម្គាល់ផងដែរថា ចំណែកនៃ BRICS នៅក្នុងពាណិជ្ជកម្មពិភពលោក បានកើនឡើងពី៣៧ភាគរយ ក្នុងឆ្នាំ២០១៦ដល់៤១ ក្នុងឆ្នាំ ២០២២ខណៈដែល G7 បានមើលឃើញតំណែង របស់ខ្លួនធ្លាក់ចុះជាមួយនឹង ចំណែករបស់វាធ្លាក់ចុះពី៦២ភាគរយ មក៥៨ភាគរយ។

សូមបញ្ជាក់ឲ្យដឹងដែរថាក្រុមប្រទេស BRICS នៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ដែលពីមុនរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានចាប់ផ្តើមរីកកាន់តែធំ បន្ទាប់ពីការចូលរួម របស់អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់រួម ក្នុងខែមករាឆ្នាំនេះ ៕