ការបង្ខិតបង្ខំគំរាមកំហែង អ្នកបោះឆ្នោត គឺជាការបំពានសិទ្ធិ និងត្រូវទទួលទោសថែមទៀត

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយឱ្យដឹង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា រយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងបានសង្កេតឃើញ គណបក្សនយោបាយខ្លះបាន និងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ ហើយបានគំរាមកំហែងដល់អ្នកបោះឆ្នោតទាំងនោះថា« បើនរណាមិនបោះឆ្នោតឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ និងត្រូវប្រឈម នឹងការបណ្តេញចេញពីសមាជិកគណបក្ស និងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាដើម។ល។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដដែលបានបញ្ជាក់ឱ្យដឹងថា តាមមាត្រា៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានកំណត់ឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើងដោយអសកលមិនចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ ហេតុនេះ ការបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត គឺជាការរំលោភបំពានដល់សិទ្ធិសេរីភាពរបស់អ្នកបោះឆ្នោត នៅក្នុងការសម្រេចចិត្តបោះឆ្នោត ដែលធានាការពារដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ម៉្យាងទៀតសកម្មភាពទាំងនេះ ធ្វើឱ្យចលាចលដល់អ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលមានតួនាទីធានានូវការគ្រប់គ្រង និងរៀបចំដំណើរការប្រព្រឹត្តទៅនៃរដ្ឋបាលឃុំសង្កាត់នីមួយៗ ដើម្បីដោះស្រាយបញ្ហា និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានកំណត់ដោ យច្បាប់។ ប្រភពដដែលរម្លឹកឱ្យដឹងថា ការគំរាមកំហែងដល់អ្នកបោះឆ្នោត ជាអំពើដែលត្រូវផ្តន្ទាទោសតាមច្បាប់។

ក្រសួងមហាផ្ទៃបញ្ជាក់បន្ថែមថា ក្រសួងប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត និងសូមលើកទឹកចិត្តដល់អ្នកបោះឆ្នោតទាំងឡាយឱ្យប្រើប្រាស់សិទ្ធិសម្រេចចិត្តរបស់ខ្លួននៅក្នុងការបោះឆ្នោតនេះស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ចំពោះការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្រសួងមហាផ្ទៃតែងអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងមហាផ្ទៃ ក៏បានអំពាវដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយជៀសវាងនូវការធ្វើសកម្មភាពគំរាមកំហែងបង្ខិតបង្ខំដល់អ្នកបោះឆ្នោត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៕