សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកសាងធនធានមនុស្សនៅកម្ពុជា គឺដើម្បីឈានទៅរកភាពម្ចាស់ការដោយខ្លួនឯង

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងធនធានមនុស្សនៅកម្ពុជា គឺដើម្បីឈានទៅរកភាពម្ចាស់ការដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកគេនោះទេ ដូច្នេះត្រូវតែពង្រឹងជាបន្តបន្ទាប់ចំពោះធនធានមនុស្សនេះ។

នាឱកាសអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ធនធានមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពខ្លាំងដោយអាចធ្វើការប្រកួតប្រជែងជាមួយធនធានមនុស្សនៃប្រទេសដទៃ ឲ្យតែមានការផ្តល់ឱកាស ជាក់ស្តែងដូចនាពេលប៉ុន្មានថ្ងៃកន្លងទៅនេះ នៅក្នុងកម្មវិធីថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ហើយកម្ពុជាបានពាន់រង្វាន់លេខមួយ(មេដាយមាស) លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ានឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការកសាងធនធានមនុស្ស នេះគឺត្រូវគិតឲ្យធំ និងឲ្យវែងឆ្ងាយ ដើម្បីធ្វើយ៉ាងណាឲ្យទាន់គេ ខណៈពេលអនាគតទៅ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំបន្តពង្រឹងមន្រ្តីឌីជីថលរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពោលទាំងបរិមាណ ទាំងគុណភាពស្របទៅតាមតម្រូវការសង្គមជាតិ។

ក្នុងឱកាសនេះដែរ សម្តេចធិបតី ក៏បានលើកឡើងផងដែរថា ធនធានមនុស្សនេះគឺមានសារសំខាន់យ៉ាងខ្លាំងណាស់ ខណៈប្រទេសជាតិ មានការរីកចម្រើនក៏ដោយសារតែធនធានមនុស្សនេះដែរ ដូច្នេះត្រូវបន្តលើកកម្ពស់នូវធនធានមនុស្សនេះ ឲ្យខាងតែបាន៕