បណ្ដាសមាជិកសម្ព័ន្ធយោធាណាតូ រិះគន់យ៉ាងខ្លាំងលើ ការអត្ថាធិប្បាយរបស់លោក Trump

អាមេរិក៖ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក និងក្រុមប្រមុខមន្ត្រីលោកខាងលិច បានរិះគន់ ដូលោក ណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតី កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីលោកបានលើកឡើងថា សហរដ្ឋអាមេរិក ប្រហែលជាមិនអាចការពារសម្ព័ន្ធមិត្តណាតូ ដែលមិនបានចំណាយថវិកាគ្រប់គ្រាន់លើការការពារពីការឈ្លានពានរបស់រុស្ស៊ី ទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិនបានថ្លែងថា «បើលោក ត្រាំ អាចកាន់អំណាចឡើងវិញ ថ្ងៃនោះហើយដែលលោកនឹងបោះបង់ចោលសម្ព័ន្ធមិត្តណាតូ ប្រសិនបើរុស្ស៊ីវាយប្រហារ ហើយអនុញ្ញាតឱ្យរុស្ស៊ី ធ្វើអ្វីតាមអំពើចិត្ត»។

ក្នុងអំឡុងពេលជួបជុំនយោបាយនៅរដ្ឋ សៅ ខារ៉ូឡាញណា (South Carolina) លោក ត្រាំ បានថ្លែងដោយរំលឹកពីកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំណាតូ និងបាននិយាយដល់ប្រធានាធិបតីនៃ «ប្រទេសធំមួយ» ដែលមិនបញ្ចេញឈ្មោះ ដោយសួរលោកថា «បើយើងមិនមានបានចំណាយគ្រប់គ្រាន់ ហើយយើងត្រូវបានវាយប្រហារដោយរុស្ស៊ី តើអ្នកនឹងការពារយើងទេ?» លោកត្រាំបានឆ្លើយថា «បើរឿងនោះកើតឡើងមែន ខ្ញុំនឹងមិនការពារអ្នកទេ»។

ប្រទេសរបស់អង្គការណាតូមានសមាជិក ៣១ បានយល់ព្រមលើគោលដៅនៃការចំណាយយ៉ាងហោចណាស់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបលើវិស័យការពារជាតិ ប៉ុន្តែការប៉ាន់ប្រមាណរបស់ណាតូ បានបង្ហាញថាមានតែ ១១ ប្រទេសប៉ុណ្ណោះដែលចំណាយច្រើនបែបនេះ។

ការអត្ថាធិប្បាយរបស់លោក ត្រាំ បែបនេះ បានទាក់ទាញការស្តីបន្ទោសយ៉ាងឆាប់រហ័សពីអង្គការណាតូ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក៕