ប្រមុខដឹកនាំកំពូល កូរ៉េខាងជើង ប្តេជ្ញាពង្រឹង សមត្ថភាពយោធា

បរទេស៖ តាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA)ថា មេដឹកនាំកំពូលកូរ៉េខាងជើង បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឱ្យបង្កើនសមត្ថភាពយោធា ដើម្បីសន្តិសុខជាតិជានិរន្ត ។

ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ក្រសួងការពារជាតិ លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង បានលើកឡើងក្នុងសុន្ទរកថា នាឱកាសខួបលើកទី៧៦ នៃការបង្កើតកងទ័ពប្រជាជនកូរ៉េ (KPA) ។

លោក គីម ថ្លែងថា ភារកិច្ចចម្បងបំផុតសម្រាប់កូរ៉េខាងជើងគឺ “ដើម្បីទទួលបានសន្តិសុខជានិច្ច” ដល់ទីបញ្ចប់ ប្រទេសនេះ “ត្រូវតែមានអំណាចដាច់ខាត ដែលអាចទប់ទល់នឹងការបង្កហេតុណាមួយ អាចខ្លាំងគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងសត្រូវ”។

លោកបានលើកឡើងថា កូរ៉េខាងជើង បានចាត់តាំងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ជា “រដ្ឋសត្រូវដំបូងគេ និងជាសត្រូវឈ្លានពាន ដែលមិនអាចផ្លាស់ប្តូរបាន” ហើយបានសម្រេចចិត្តជាគោលនយោបាយរដ្ឋ ដើម្បីកាន់កាប់ និងគ្រប់គ្រងទឹកដីកូរ៉េខាងត្បូង ក្នុងគ្រាមានអាសន្ន ដោយហៅចំណាត់ការបែបនេះថាជា “វិធានការដ៏ត្រឹមត្រូវបំផុត។

KCNA រាយការណ៍ថា មេដឹកនាំកំពូលបានសង្កត់ធ្ងន់ថា KPA គួរតែមានកម្លាំងកាន់តែខ្លាំង និងទប់ស្កាត់សង្គ្រាម និងការពារសន្តិភាព ដោយមិនមានការបរាជ័យ នៃកម្លាំង ដែលមិនអាចគ្រប់គ្រងបាន៕