ប្រមុខដឹកនាំកំពូលរុស្ស៊ីថា គ្មានការតាំងចិត្តវាយប្រហារ លើណាតូឡើយ
រុស្សី៖ រុស្ស៊ីមិនមានចេតនាវាយប្រហារ ប្រទេសសមាជិកណាតូទេ ហើយនឹងសងសឹកលុះត្រាតែ ត្រូវបានវាយប្រហារជាមុនសិន ប្រធានាធិបតី Vladimir Putin បានប្រាប់អ្នកកាសែតអាមេរិកលោក Tucker Carlson នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នេះយោងតាមការចេញផ្សាយរបស់ RT ។
លោកPutinបានថ្លែងថា បណ្តាប្រទេសលោកខាងលិច កំពុងព្យាយាមបំភិតបំភ័យប្រជាជន របស់ពួកគេជាមួយនឹងការគំរាមកំហែងរបស់រុស្ស៊ី។ លោកបានបន្ថែមថា មនុស្សឆ្លាតយល់យ៉ាងច្បាស់ថា នោះជារឿងមិនពិត។
លោក Carlson បានសួរប្រធានាធិបតីថាតើ គាត់អាចស្រមៃមើលសេណារីយ៉ូ ដែលអ្នកបញ្ជូនទាហានរុស្ស៊ីទៅប៉ូឡូញដែរឬទេ ជាការឆ្លើយតបលោក Putin បាននិយាយថា៖ មានតែករណីមួយប៉ុណ្ណោះប្រសិនបើ មានការវាយប្រហារលើប្រទេសរុស្ស៊ីពីប៉ូឡូញ។ ហេតុអ្វី? ព្រោះយើងមិនមានផលប្រយោជន៍ ក្នុងប្រទេសប៉ូឡូញ ឡាតវី ឬ សមាជិកណាតូ ណាមួយទៀត។
លោកប្រធានាធិបតីបានបន្តថា៖ អ្នកមិនចាំបាច់ធ្វើជាអ្នកវិភាគ ដើម្បីយល់ថាការចូលរួមក្នុងសង្រ្គាមសកលលោក ផ្ទុយពីសុភវិនិច្ឆ័យនោះទេ។ សង្គ្រាមពិភពលោកនឹងនាំមនុស្សជាតិទាំងអស់ទៅដល់កម្រិតនៃការបំផ្លិចបំផ្លាញ។
រដ្ឋាភិបាលទីក្រុងមូស្គូបានលើកឡើង ម្តងហើយម្តងទៀតអំពីការបន្តពង្រីក របស់អង្គការណាតូទៅភាគខាងកើត និងការគាំទ្ររបស់ខ្លួនចំពោះទីក្រុងគៀវថា ជាមូលហេតុមួយក្នុងចំណោមមូលហេតុ នៃជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែន។ មន្ត្រីរុស្ស៊ីក៏បានព្រមានផងដែរថា ការបញ្ជូនសព្វាវុធ និងបរិក្ខារយោធាផ្សេងទៀត ទៅកាន់ប្រទេសអ៊ុយក្រែន នាំឱ្យមានការរីករាលដាលបន្ថែមទៀតប៉ុណ្ណោះ ៕