មេដឹកនាំកំពូលអាមេរិក និងមេដឹកនាំកំពូលអាល្លឺម៉ង់នឹងពិភាក្សាអំពីអ៊ុយក្រែន និងអ៊ីស្រាអែល ក្នុងជំនួបនៅសេតវិមាន
អាមេរិក៖ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់នឹងផ្តល់ការគាំទ្ររបស់អឺរ៉ុប សម្រាប់កិច្ចប្រឹងប្រែងរបស់លោក Joe Biden ប្រធានាធិបតីអាមេរិក ដើម្បីទទួលបានមូលនិធិបន្ថែម សម្រាប់អ៊ុយក្រែន អំឡុងកិច្ចប្រជុំនៅសេតវិមានកាលពីថ្ងៃទី៩ ខែកុម្ភៈ ដែលក៏ត្រូវបានគេរំពឹងផងដែរថា នឹងពិភាក្សាអំពីជម្លោះ នៅមជ្ឈិមបូព៌ា។
លោក Scholz ជាមួយគ្នានេះ គ្រោងនឹងជួបជាមួយនាយកប្រតិបត្តិធុរកិច្ចអាមេរិក មុនពេលចូលរួមជាមួយលោក Biden នៅសេតវិមាន ដើម្បីពិភាក្សាអំពីវិបត្តិទាំង២ ដែលកំពុងមានឥទ្ធិពលលើនយោបាយពិភពលោក។ យ៉ាងណាក្ដី គ្មានសន្និសីទសារព័ត៌មានរួមត្រូវបានគ្រោងទុកនោះទេ។
លោក John Kirby អ្នកនាំពាក្យសេតវិមាន បាននិយាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ថា មេដឹកនាំទាំង២ នឹង «បញ្ជាក់ឡើងវិញ នូវការគាំទ្រដ៏រឹងមាំរបស់ខ្លួនសម្រាប់អ៊ុយក្រែន និងការស្វែងរកមធ្យោបាយ ដើម្បីបន្តជួយអ៊ុយក្រែន»។
ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍នោះ បានពន្លឿនសេចក្ដីស្នើច្បាប់ចំនួន ៩៥,៣៤ពាន់លានដុល្លារ ដែលរួមបញ្ចូលជំនួយសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ បន្ទាប់ពីគណបក្សសាធារណរដ្ឋ បានរារាំងច្បាប់សម្របសម្រួលដែលបានរួមបញ្ចូលទាំងកំណែទម្រង់គោលនយោបាយអន្តោប្រវេសន៍ផងដែរ។
សេតវិមានបានធ្វើការព្រមានអស់ជាច្រើនខែមកហើយថា ការបរាជ័យរបស់សមាជិកសភាក្នុងការផ្តល់ជំនួយដល់ទីក្រុងគីវ នឹងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាព ក្នុងការប្រយុទ្ធតទល់ជាមួយរុស្ស៊ី ដែលមានរយៈពេល ២ឆ្នាំបន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។
ចំណែកសហភាពអ៊ឺរ៉ុបវិញ បានអនុម័តលើការផ្តល់ជំនួយរយៈពេល ៤ឆ្នាំ ៥០ពាន់លានអឺរ៉ូ (៥៤ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន កាលពីសប្តាហ៍មុន៕