ម៉ិកស៊ិក បានជម្លៀសមនុស្សរាប់ពាន់នាក់ ចេញបន្ទាប់ពីការលេចធ្លាយប្រេង

ម៉ិកស៊ិក៖ មនុស្សជាង ២.០០០នាក់ ត្រូវបានជម្លៀសចេញកាលពីថ្ងៃសុក្រ ដោយសារតែការលេចធ្លាយប្រេងនៅភាគកណ្តាលប្រទេសម៉ិកស៊ិក ដោយគ្មានជនរងគ្រោះ និងពុំមានឧបទ្ទវហេតុផ្សេងទៀត ត្រូវបានរាយការណ៍ឡើយ នេះបើយោងឱ្យដឹងតាមមន្ត្រី ។

ការលេចធ្លាយបំពង់បង្ហូរប្រេងរបស់ក្រុមហ៊ុនរដ្ឋ Pemex នៅរដ្ឋ Jalisco ភាគកណ្តាល បានហូរប្រេងឥន្ធនៈ និងបំភាយឧស្ម័នទៅក្នុងបរិយាកាស ដោយបង្ខំឱ្យអ្នករស់នៅក្នុងភូមិក្បែរនោះជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នេះយោងតាមការឱ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ។

អភិបាលរដ្ឋ Jalisco បានជូនដំណឹងនៅលើវេទិកា X ថា ការរត់គេចចេញ ត្រូវបានរាយការណ៍នៅពេលព្រឹក ប៉ុន្តែពុំបានបញ្ជាក់ពីមូលហេតុអ្វីដែលអាចបណ្តាលឱ្យមានការលេចធ្លាយប្រេងនោះទេ។

រូបភាពដែលបានចែករំលែកដោយអង្គភាពការពារជនស៊ីវិលរដ្ឋ Jalisco បានបង្ហាញឧបករណ៍ពន្លត់អគ្គិភ័យ និងកងពលជាច្រើនក្រុម ត្រូវបានដាក់ពង្រាយនៅកន្លែងលេចធ្លាយប្រេង។ ប្រទេសម៉ិកស៊ិក បានទទួលរងការលេចធ្លាយប្រេងខុសច្បាប់រាប់រយករណីជាប្រវត្តិសាស្ត្រ ចំពោះបណ្តាញបំពង់បង្ហូរប្រេង និងឧស្ម័នរបស់ខ្លួន។

គ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ បានបណ្តាលឲ្យមនុស្សជាង ៧០ នាក់ស្លាប់ នៅពេលដែលចោរលួចប្រេង បានទម្លុះបំពង់បង្ហូរប្រេងនៅចម្ងាយពីរបីម៉ាយពីរោងចក្រចម្រាញ់ប្រេងធំមួយរបស់ប្រទេសម៉ិកស៊ិក ដែលមនុស្សរហូតដល់ទៅ ៨០០ នាក់ បានសម្រុកទៅប្រមូលយកប្រេង ហើយពីរបីម៉ោងក្រោយមក បានផ្ទុះជាអណ្តាតភ្លើងដ៏ខ្លាំង៕