សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការអន្តរាគមន៍របស់រដ្ឋាភិបាល ជួយដល់ពលរដ្ឋ មិនមែនជាកិច្ចការងារអចិន្រ្ដៃយ៍នោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា កិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល ជួយទៅដល់ប្រជាពលរដ្ឋនៅក្នុងគ្រាជួបគ្រោះអាសន្ន គឺមិនមែនជាការជួយជាអចិន្រ្ដៃយ៍នោះទេ ប៉ុន្ដែជាការជួយប្រជាពលរដ្ឋក្នុងគ្រាមានទុក្ខលំបាក ហើយធ្វើយ៉ាងណាឱ្យប្រជាជនមានជីវភាពល្អប្រសើរឡើងវិញ រករស់បានដោយខ្លួនឯង។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានមានប្រសាសនស៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាធិបតី ក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច។

សម្ដេចធិបតីថ្លែងថាសេដ្ឋកិច្ចរបស់កម្ពុជា គឺជាសេដ្ឋកិច្ចទីផ្សារសេរី ដូច្នេះរាជរដ្ឋាភិបាលចង់ធ្វើយ៉ាងណាឱ្យប្រជាជនមានជីវភាព រកត្រីបានដោយខ្លួនឯង គឺអាចរស់ដោយខ្លួនឯងបាន។ ប៉ុន្ដែត្រូវទទួលស្គាល់ផងថា រាល់ពេលទាំងអស់នៅក្នុងប្រទេសកម្ពុជាតែងតែមានពលរដ្ឋមិនអាចរកត្រីបានហើយ ដូចជាពលរដ្ឋមានពិការភាព ពលរដ្ឋមានសុខភាពមិនល្អពីកំណើត កុមារកំព្រាជាដើម ដែលទាំងនេះរដ្ឋត្រូវយកចិត្តទុកដាក់ជួយដល់ពួកគេ។

នាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញត្រៀមថវិកាជិត ៤៥០ លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ។ ក្នុងនោះគោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុងរយៈពេលវែង៕