សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយសារតែខ្វះការយកចិត្តទុកដាក់ពីរដ្ឋនោះឡើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនឲ្យបងប្អូន ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែខ្វះការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងរដ្ឋនោះ ឡើយ ខណៈទិសដៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះនឹងបន្តផ្តល់ជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបន្ថែមទៀត។

នាឱកាសអញ្ជើញជាអធិបតីនៃពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីចក្ខុវិស័យ និងក្តីស្រមៃរបស់ប្រជាពលរដ្ឋគ្រប់រូបនោះ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ឲ្យមានលក្ខណៈប្រមូលផ្តុំ សុគតភាព ប្រសិទ្ធភាព សមធម៌ និងចេរភាព ដោយឈរលើស្មារតីមិនបោះបង់ប្រ ជាពរដ្ឋណាម្នាក់នោះឡើយ។

ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដោះស្រាយបញ្ហាចំទិសដៅ និងការអន្តរាគមន៍ជាច្រើន ដើម្បីដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលជួបវិបត្តិសកលផ្ទួនៗនាពេលកន្លងមក ជាក់ស្តែងដូចជាបញ្ហាកូវីដ១៩ជាដើម ដោយរាជរដ្ឋាភិបាលបានចំណាយថវិការាប់រយរាប់ពាន់លានដុល្លារដើម្បីជួយដល់ ពលរដ្ឋរបស់ខ្លួន តាមរយៈបណ្ណសមធម៌ និងតាមរូបភាពផ្សេងៗមួយចំនួនទៀត៕