ល្គឹះណាគ្មានចែករំលែកភស្តុតាង ឥណ្ឌានឹងមិនជួយដល់ការស៊ើបអង្កេតកាណាដា លើឃាតកម្មមេដឹកនាំសាសនាស៊ីកទេ

បរទេស៖ ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីម្សិលមិញថា ឧត្តមស្នងការឥណ្ឌា ប្រចាំប្រទេសកាណាដា បានប្រាប់សារព័ត៌មាន គ្លូប អែន ម៉ែល (Globe & Mail) ថាប្រទេសឥណ្ឌា នឹងមិនផ្តល់ព័ត៌មានដល់អ្នកស៊ើបអង្កេតកាណាដា ជុំវិញការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីកទេ រហូតដល់ប្រទេសកាណាដា ចែករំលែកភស្តុតាងជាមួយខ្លួន។

លោក សានចាយ គូម៉ា វើម៉ា (Sanjay Kumar Verma) ស្នងការជាន់ខ្ពស់ បានប្រាប់សារព័ត៌មានដដែលនោះថា «យើងត្រូវការភស្តុតាងពាក់ព័ន្ធ និងជាក់លាក់ ដើម្បីយើងងាយស្រួលជួយអាជ្ញាធរកាណាដា។ បើយើងមិនបានមើលឃើញអ្វីដែលពាក់ព័ន្ធ និងជាក់លាក់ទេនោះ វាពិបាកខ្លាំងណាស់ក្នុងការជួយកាណាដាលើការស៊ើបអង្កេតនេះ»។

ប្រទេសកាណាដា បានចោទប្រកាន់ថា ឥណ្ឌាមានការជាប់ពាក់ព័ន្ធនៅក្នុងឃាតកម្មនៅតំបន់ជាយក្រុង វេនខូវើ (Vancouver) របស់ពលរដ្ឋកាណាដា និងជាមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក លោក ហាឌីប ស៊ីញនីចា (Hardeep Singh Nijjar) ដែលឥណ្ឌាហៅថាជា «ភេរវករ» ប៉ុន្តែឥណ្ឌា បានបដិសេធការចោទប្រកាន់នេះ។ បញ្ហានេះ បានបង្កជាជម្លោះការទូតយ៉ាងតានតឹងរវាងប្រទេសទាំងពីរ៕