សម្តេចធិបតី នាយករដ្ឋមន្រ្តី៖ បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការរំលោភបំពានកុមារ ទាមទារឲ្យរាជរដ្ឋាភិបាលដោះស្រាយជាចាំបាច់បំផុត

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាសេពគ្រឿងញៀនក្នុងសង្គម បញ្ហាការជួញដូរមនុស្ស អំពើហិង្សាលើគ្រួសារ បញ្ហាការរំលោភបំពានលើកុមារ និងបញ្ហាមួយចំនួនទៀត ទាមទារឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងធ្វើការដោះស្រាយខ្ពស់បំផុត។

សម្តេចធិបតីបានថ្លែងថា កម្ពុជាក៏ដូចជាប្រទេសនានានៅលើពិភពលោកកំពុងរងឥទ្ធិពល នៃជម្លោះភូមិសាស្រ្តនយោបាយ, ការប្រជែកឥទ្ធិលរបស់ប្រទេសមហាអំណាច, សង្រ្គាម, ការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗជាច្រើនទៀត ខណៈបច្ច័យទាំងនេះព្រមទាំងស្ថានភាពរងគ្រោះ និងងាយរងគ្រោះដូចជាករណីសេពគ្រឿងញៀន ការជួញដូរមនុស្ស បញ្ហាហិង្សាលើគ្រួសារ និងការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាកង្វល់ ដែលទាមទារឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងដោះស្រាយខ្ពស់បំផុត។

ការលើកឡើងរបស់សម្តេចធិបតីនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតីនៃពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕