ប្រមុខកំពូលដឹកនាំអ៊ុយក្រែន ពិនិត្យសមរភូមិ ខណៈឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់អាចត្រូវបណ្តេញចេញ

អ៊ុយក្រែន៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានទៅពិនិត្យកងទ័ពនៅសមរភូមិភាគអាគ្នេយ៍ និងបំពាក់មេដាយ ក្នុងពេលមានការព្យាករណ៍ទុកកាន់តែខ្លាំងថា មេបញ្ចាការកងទ័ពម្នាក់ដ៏មានប្រជាប្រិយរបស់លោក អាចនឹងត្រូវបានបណ្តេញចេញពីតំណែងក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការិយាល័យប្រធានាធិបតី បានផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Zelenskyy បាននិយាយ បន្ទាប់ពីបានចុះពិនិត្យតំបន់ Zaporizhzhia ថា វាជាកិត្តិយសណាស់ដែលបាននៅទីនេះនាថ្ងៃនេះ ហើយការមកទីនេះគឺដើម្បី គាំទ្រដល់អ្នកចម្បាំង និងផ្តល់រង្វាន់ដល់ពួកគេ។

ដំណើរចុះពិនិត្យរបស់ប្រធានាធិបតី ទៅកាន់បន្ទាត់សមរភូមិ បានធ្វើឡើង នៅពេលដែលមានភាពមិនប្រាកដប្រជា អំពីជោគវាសនារបស់លោក វ៉ាលឺរី ហ្សាលូស្នីយី(Valeriy Zaluzhnyi) មេបញ្ជាការកងទ័ព ។ ប្រភពព័ត៌មានចំនួនពីរ បាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែន បានជូនដំណឹងដល់សេតវិមានថា ខ្លួនមានផែនការបណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់របស់ប្រទេស ដែលទទួលខុសត្រូវចំពោះសង្គ្រាមប្រឆាំងកងកម្លាំងកាន់កាប់របស់រុស្ស៊ី។

ចំណាត់ការចោទប្រកាន់ក្នុងការបណ្តេញលោក Zaluzhnyi ដែលបានប៉ះទង្គិចជាមួយ លោក Zelenskyy ជុំវិញបញ្ហាជាច្រើន បន្ទាប់ពីការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំមុន ដែលបានបរាជ័យក្នុងការដណ្តើមយកមកវិញដែនដីសំខាន់ៗជាច្រើនដែលចូលគ្រប់គ្រងដោយរុស្ស៊ី ។ ដោយត្រូវបានគេស្គាល់ថាជា «ឧត្តមសេនីយ៍ដែក» លោក Zaluzhnyi មានប្រជាប្រិយភាពខ្លាំង។

ការដកតំណែងរបស់លោក អាចប៉ះពាល់ដល់ទឹកចិត្តក្នុងចំណោមកងទ័ពអ៊ុយក្រែន ដែលកំពុងប្រយុទ្ធដើម្បីកាន់កាប់ទីតាំងនៅតាមបណ្តោយសមរភូមិជួរមុខជាង ១.០០០គីឡូម៉ែត្រ ប្រឆាំងកងកម្លាំងរុស្ស៊ីដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានឃ្លាំងស្តុកសព្វាវុធដ៏ធំ៕