កិច្ចព្រមព្រៀង សន្តិសុខ អ៊ុយក្រែន និងអាល្លឺម៉ង់ គ្រោងចុះហត្ថលេខាក្នុងខែកុម្ភៈនេះ

បរទេស៖ ប្រទេសអាល្លឺម៉ង់ និងអ៊ុយក្រែន អាចនឹងចុះកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការសន្តិសុខ នៅឯសន្និសីទសន្តិសុខទីក្រុង Munich ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១៦ទៅដល់១៨ខែកុម្ភៈ នេះបើតាមកាសែត Frankfurter Allgemeine Zeitung បានធ្វើសេចក្តីរាយការណ៍ ។

កន្លងមកចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិសុខទ្វេភាគី ជាមួយអ៊ុយក្រែនកាលពីថ្ងៃទី១២ ខែមករា ក្រោមការដែលប្រទេសទាំងពីរ សន្យាការពារគ្នាទៅវិញទៅមក ប្រសិនបើមានការវាយប្រហារ។

កាលពីខែមុន ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហាញផែនការ ដើម្បីធ្វើតាមប្រទេស អង់គ្លេសនេះនៅក្នុងខែកុម្ភៈ ។

នៅក្នុងអត្ថបទរបស់ខ្លួន កាលពីថ្ងៃសុក្រ កាសែត Frankfurter Allgemeine Zeitung ដែលបានលើកឡើងពី ក្នុងជួរដ្ឋាភិបាលដោយមិនបង្ហាញអត្តសញ្ញាណបានអះអាងថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខា នៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូល នាពេលខាងមុខ។

នៅចុងខែមករា អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ប្រធានបទនៃកតិកាសញ្ញាសន្តិសុខទ្វេភាគី បានដើរតួនាទីយ៉ាងធំ ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky នៅដើមខែនោះ ដោយកិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រទេសអាល្លឺម៉ង់ ៕