Geely ក្រុមហ៊ុនរថយន្តចិន បានបាញ់បង្ហោះផ្កាយរណប ១១ គ្រឿងសម្រាប់រថយន្តបើកបរស្វ័យប្រវត្តិ
Geely Holding Group ក្រុមហ៊ុនផលិតរថយន្តចិន កាលពីថ្ងៃម្សិលមិញនេះ បាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបនៅលើគន្លងផែនដីក្នុងរយៈចម្ងាយទាបចំនួន ១១ គ្រឿង ដែលជាការបញ្ជូនផ្កាយរណបដូចគ្នានេះជាលើកទីពីរ ខណៈក្រុមហ៊ុនព្យាយាមពង្រីកសមត្ថភាព នៅក្នុងការផ្តល់នូវការរុករកទិន្នន័យឱ្យបានត្រឹមត្រូវជាងមុនសម្រាប់យានយន្តបើកបរដោយស្វ័យប្រវត្តិ ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមហ៊ុន Geely បាននិយាយថា ផ្កាយរណបបានបាញ់បង្ហោះចេញពី មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីឆាង (Xichang) ក្នុងខេត្ត ស៊ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន ។
ក្រុមហ៊ុន Geely បានរៀបរាប់បន្ថែមដោយរំពឹងថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបរហូតដល់ ៧២ គ្រឿងចូលទៅក្នុងគន្លងផែនដីនៅឆ្នាំ ២០២៥ ជាមួយនឹងគម្រោងផ្កាយរណបចំនួន ២៤០ គ្រឿង នៅទីបំផុត ខណៈការបាញ់បង្ហោះផ្កាយរណបជាលើកដំបូងបានធ្វើឡើងកាលពីខែមិថុនា ឆ្នាំ ២០២២ ។
ក្រៅពីការផ្តល់ការគាំទ្រចំពោះចំណុច ដែលមានភាពជាក់លាក់ខ្ពស់សម្រាប់រថយន្ត ដែលបើកបរដោយស្វ័យប្រវត្តិ ក្រុមហ៊ុន Geely ក៏បាននិយាយថា បណ្តាញផ្កាយរណបរបស់ខ្លួននឹងបម្រើមុខងារផ្សេងៗទៀតសម្រាប់ប្រើប្រាស់នៅក្នុងមុខងារអេឡិចត្រូនិក ។ ក្រុមហ៊ុនបានបន្ថែមឱ្យដឹងដែរថា ផ្កាយរណបមានមុខងារបញ្ជា AI ពីចម្ងាយប្រមាណ ១-៥ ម៉ែត្រសម្រាប់រូបភាពច្បាស់ពីចម្ងាយកម្រិតខ្ពស់ ឬ high-resolution ៕ ប្រភព៖ Reuters/ CNA