រថភ្លើងអណ្តែតរបស់ចិន ហោះលើផ្លូវដែក បង្កើតកំណត់ត្រាល្បឿនថ្មី

នាពេលអនាគតខាងមុខឆាប់ៗនេះ សាជីវកម្មឧស្សាហកម្ម និងវិទ្យាសាស្ត្រអវកាសចិន (CASIC) បង្កើតបានកំណត់ត្រាល្បឿនថ្មីរបស់រថភ្លើងអណ្ដែតដើរដោយកម្លាំងមេដែក ឬហៅថា Maglev Train (Maglev ជាពាក្យកាត់របស់ពាក្យ magnetic levitation) បើកផ្លូវសម្រាប់ប្រព័ន្ធរថភ្លើង Hyperloop ល្បឿនមហាលឿន ។

ថ្វីបើជាល្បឿនពិតប្រាកដ ដែលខ្សែរថភ្លើងនេះសម្រេចបានគឺជាព័ត៌មានសម្ងាត់ ប៉ុន្តែ CASIC ឱ្យដឹងថា ពួកគេបានឈានដល់ជំហានដ៏សំខាន់ នៅក្នុងការធ្វើតេស្តនាពេលថ្មីៗនេះ បើយោងតាម Sun ចុះផ្សាយកាលពីថ្ងៃទី 22 កុម្ភៈ 2024កន្លងមកនេះ។

យោងតាម CASIC ថាជាលើកដំបូង ដែលរថភ្លើង Maglev ឈានដល់កម្រិតអណ្ដែតស្ថិរភាព នៅពេលផ្លាស់ទីក្នុងបំពង់សុញ្ញកាសកម្រិតទាប ដោយប្រើប្រាស់ផ្លូវរថភ្លើងសម្រាប់ការពិសោធ ប្រវែង 2 គីឡូម៉ែត្រ ដែលស្ថាបនារួចរាល់កាលពីខែវិច្ឆិកា 2023។

CASIC បង្ហើបឱ្យដឹងទៀតថា ជាលទ្ធផលបានបំបែកកំណត់ត្រាមុននោះ (623 គីឡូម៉ែត្រ/ម៉ោង) របស់រថភ្លើង Maglev មួយខ្សែដែលធ្វើដំណើរក្នុងបរិស្ថានធម្មតាកាលពីខែតុលា 2023កន្លងទៅ ។

បច្ចេកវិទ្យា Maglev ជួយឱ្យរថភ្លើងអណ្ដែតពីលើផ្លូវដែក លុបបំបាត់ភាពកកិតនៅពេលធ្វើដំណើរតាមបំពង់សុញ្ញកាសកម្រិតទាប។ ស្ថានភាពក្បែរសុញ្ញកាស (ស្ទើរតែគ្មានខ្យល់ ឬម៉ូលេគុល) កាត់បន្ថយកម្លាំងកកិតរបស់ខ្យល់ បង្កើតបានជា «ជើងហោះហើរទាបក្បែរដី» ក្នុងល្បឿនលឿនខ្លាំង៕