លោក Joe Biden បង្ហាញវត្តមានទទួលអដ្ឋិធាតុ សពទាហានអាមេរិកទាំង៣រូប ដែលបានស្លាប់នៅហ្ស៊កដានី

អាមេរិក៖ ប្រធានាធិបតីមានវត្តមានរបស់ខ្លួន ជាអ្នកទទួលដោយផ្ទាល់នូវអដ្ឋិធាតុទាហានអាមេរិកបីនាក់ ដែលត្រូវបានសម្លាប់នៅហ្ស៊កដានីក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ ត្រូវបានគេបញ្ជូនមកដល់មាតុប្រទេសវិញជាផ្លូវការហើយកាលពីថ្ងៃម្សិលម៉្ងៃនេះ។

ទាហានអាមេរិកចំនួន ៣នាក់ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យកន្លងទៅក្នុងប្រទេសហ្ស៊កដានី ត្រូវបានគេបង្ហាញអត្តសញ្ញាណដូចខាងក្រោម៖
1-ពលទាហាន William Jerome Rivers មានវ័យ ៤៦ឆ្នាំ ដែលមកពីទីក្រុង Carrollton រដ្ឋ Georgia
2-កងកម្លាំងទាហានជំនាញ Kennedy Ladon Sanders មានវ័យ ២៤ឆ្នាំ មកពីទីក្រុង Waycross រដ្ឋ Georgi និង
3-ពលទាហាន Breonna Alexsondria Moffett វ័យ ២៣ឆ្នាំ មកពីទីក្រុង Savannah រដ្ឋ Georgia។

នាពិធីទទួលអដិ្ឋធាតុនេះ លោកប្រធានាធិបតី Joe Biden បានបង្ហាញវត្តមានជាមួយក្រុមគ្រួសារសព នៅឯមូលដ្ឋានទ័ពអាកាស Dover រដ្ឋ Delaware ដែលកងទ័ពអាកាសអាមេរិកបានពណ៌នាពិធីនេះថាជាការទទួលអដ្ឋិធាតុដ៏មានកិត្តិយសបំផុត។ គួរឱ្យដឹងថា ប្រធានាធិបតីអាមេរិកក៏បានមានជំនួបជាលក្ខណៈឯកជនជាមួយក្រុមគ្រួសារសពពលទាហានទាំងបីរូបផងដែរ មុននឹងចេញមកទទួលមឈូសដែលដណ្ដប់ដោយទង់ជាតិអាមេរិក ដែលត្រូវបានគេដង្ហែរចេញពីរថយន្តដឹកជញ្ជូនម្តងមួយៗ។ លោក Joe Biden ក៏ធ្លាប់បានទូរសព្ទផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសពម្តងហើយកាលពីថ្ងៃអង្គារកន្លងទៅ។

សូមរំឮកថា ហេតុការណ៍វាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ទៅលើប៉ុស្តិ៍យាមរបស់អាមេរិកនៅហ្ស៊កដានី ដែលត្រូវបានគេស្គាល់ថាជាប៉មទី២២ ក៏បានបណ្ដាលឱ្យមនុស្សជាង ៤០នាក់រងរបួសផងដែរ។ ហេតុការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងអំពីសង្គ្រាមដែលនឹងអាចផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ា បន្ថែមពីលើសង្គ្រាមដែលកំពុងកើតឡើងរវាងក្រុមហាម៉ាស ជាមួយរដ្ឋាភិបាលអ៊ីស្រាអែល។ ទន្ទឹមនឹងនេះ លោក Biden បានបញ្ជាក់ថា អាមេរិកបានសម្រេចចិត្តរួចរាល់ហើយអំពីការចាត់វិធានការឆ្លើយតបចំពោះហេតុការណ៍ដែលកើតមាននៅហ្ស៊កដានីនេះ។

ជាក់ស្ដែង កាលពីថ្ងៃសុក្រយោធាអាមេរិកបានបើកការវាយប្រហារផ្លូវអាកាសសងសឹកប្រឆាំងនឹងកងកម្លាំងអ៊ីរ៉ង់ និងក្រុមជីវពលគាំទ្រដោយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ទាំងនៅអ៊ីរ៉ាក់ ព្រមទាំងនៅស៊ីរី។ លោក Biden បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការឆ្លើយតបរបស់យើងបានចាប់ផ្តើមនៅថ្ងៃនេះ។ វានឹងបន្តនៅពេលវេលា និងទីកន្លែងដែលយើងជ្រើសរើស”។ លោកបន្ថែមថា៖ “សហរដ្ឋអាមេរិកមិនស្វែងរកជម្លោះនៅមជ្ឈិមបូព៌ា ឬកន្លែងណាផ្សេងទៀតក្នុងពិភពលោកទេ។ ប៉ុន្តែសូមឱ្យអស់អ្នកដែលចង់ធ្វើបាបយើងដឹងរឿងនេះថា ប្រសិនបើអ្នកធ្វើបាបជនជាតិអាមេរិក យើងនឹងចាត់វិធានការឆ្លើយតបទៅវិញភ្លាម”៕