ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ថានឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារណាមួយរបស់អាមេរិក

អ៊ីរ៉ង់៖ លោកអ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់កាលពីម្សិលម៉្ងៃ ប្រឆាំងនឹងលទ្ធភាពការវាយប្រហារណាមួយដោយសហរដ្ឋអាមេរិក ក្នុងការសងសឹកចំពោះការវាយប្រហារ ដែលបានសម្លាប់ទាហានអាមេរិកបីនាក់ នៅក្នុងប្រទេសហ្ស៊កដានី។

លោករ៉េស៊ី បានថ្លែងក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពជើងទឹក ឈូងសមុទ្រដែលប្រតិបត្តិការដោយឆ្មាំបដិវត្តន៍ថា៖«យើងបាននិយាយជាច្រើនដងថា យើងនឹងមិនមែនជាអ្នកផ្តួចផ្តើមសង្រ្គាមណាមួយឡើយ ប៉ុន្តែបើសិនប្រទេសមួយ កម្លាំងឃោរឃៅចង់សម្លុត នោះសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត»។

លោកក៏បានថ្លែងថា៖ អំណាចយោធារបស់អ៊ីរ៉ង់នៅក្នុងតំបន់ គឺមិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយទេ ប៉ុន្តែជាប្រភពនៃសន្តិសុខដែលបណ្តាប្រទេសនៅក្នុងតំបន់ អាចពឹងផ្អែក និងជឿជាក់បាន ខណៈដែលលោកបានទៅទស្សនាមូលដ្ឋាននៅទីក្រុងបានដាអាប់បាស (Bandar Abbas)។

បច្ចុប្បន្ននេះ សត្រូវពុំមានសមត្ថភាពធ្វើអ្វីមកលើយើងទេ ព្រោះគេដឹងថា កម្លាំងរបស់យើង មានភាពខ្លាំង និងពោរពេញទៅដោយសមត្ថភាព៕