ប៉េកាំង ថ្កោលទោសអាមេរិក ជុំវិញការចោទប្រកាន់ ក្រោមលេសសន្តិសុខ តាមអ៊ីនធឺណិត
ចិន៖ ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើចារកម្ម និងការវាយប្រហារ តាមអ៊ីនធឺណិត ទូទាំងពិភពលោក ហើយបញ្ឈប់ការជេរប្រមាថ ដល់ប្រទេសដទៃទៀត ក្រោមលេសនៃសន្តិសុខតាមអ៊ីនធឺណិត បើយោងតាមអ្នកនាំពាក្យក្រសួង ការបរទេសចិន ។
លោក Wang Wenbin អ្នកនាំពាក្យចិន បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទព័ត៌មានជាប្រចាំ ក្នុងការឆ្លើយតបទៅនឹងសំណួរដែលទាក់ទង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកបានកត់សម្គាល់ថា ប្រទេសចិន ប្រឆាំងដាច់ខាតរាល់ទម្រង់ នៃការវាយប្រហារតាមអ៊ីនធឺណិត និងបង្រ្កាបលើការអនុវត្តបែបនេះស្របតាមច្បាប់។
លោកបានលើកឡើងថា សហរដ្ឋអាមេរិក បានឈានដល់ការសន្និដ្ឋាន ដែលមិនមានការធានា ដោយគ្មានភស្តុតាងត្រឹមត្រូវ ហើយខ្លួនបានបង្កាច់បង្ខូច និងធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន លើប្រទេសចិន វាជាការមិនទទួលខុសត្រូវខ្លាំងណាស់ ហើយជាការបំភ្លៃការពិតទាំងស្រុង។
លោកបានបន្ដថា ចិនប្រឆាំង យ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកខ្លួនឯង គឺជាប្រភពដើម និងជាជនល្មើសដ៏ធំបំផុត នៃការវាយប្រហារតាមអ៊ីនធឺណិត ដោយកត់សម្គាល់ថា បញ្ជាការកងកម្លាំង Cyber Force របស់សហរដ្ឋអាមេរិក បានប្រកាសជាចំហថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសផ្សេងទៀត គឺជាគោលដៅស្របច្បាប់ សម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត របស់សហរដ្ឋអាមេរិក៕