មន្ទីរបញ្ចកោណ៖ កំពុងស៊ើបអង្កេតថា តើអាវុធរបស់អាមេរិក បានប្រើ ក្នុងការបាញ់ទម្លាក់យន្តហោះ Il-76 របស់រុស្ស៊ី ឬយ៉ាងណា?
អាមេរិក៖ លោក Sabrina Singh អនុប្រធានផ្នែកព័ត៌មានរបស់មន្ទីរបញ្ចកោណ បានបញ្ជាក់ដោយលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតអំពីការចូលរួមដ៏មានសក្ដានុពលនៃអាវុធរបស់អាមេរិកក្នុងការបាញ់ទម្លាក់យន្តហោះយោធា Il-76 របស់រុស្ស៊ី។
លោក Singh បាននិយាយក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានថា «វាជាអ្វីដែលយើងកំពុងពិនិត្យមើល» នេះយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ។
កាលពីព្រឹកថ្ងៃដដែល អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន មិនមានជាប់ពាក់ព័ន្ធក្នុងការធ្លាក់យន្តហោះដឹកជញ្ជូនរបស់រុស្ស៊ី Il-76 នោះទេ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ លោក Patel បាននិយាយថា “ខ្ញុំពិតជាអាចនិយាយបានថា សហរដ្ឋអាមេរិកមិនបានជាប់ពាក់ព័ន្ធក្នុង [ការធ្លាក់យន្តហោះ] នេះ ទោះក្នុងវិធីណាក៏ដោយ” ៕