BrahMos មីស៊ីលល្បឿនលឿនជាងសំឡេង ឥណ្ឌានឹងបញ្ជូនទៅឱ្យប្រទេសហ្វីលីពីន
ឥណ្ឌា៖ BrahMos ត្រូវបានឥណ្ឌាត្រៀមខ្លួនក្នុងការនាំចេញ ដែលជាកាំជ្រួចល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយ ដែលបានបង្កើតឡើងរួមគ្នាជាមួយនឹងរុស្ស៊ី ទៅកាន់ប្រទេសហ្វីលីពីន។ ការត្រៀមបញ្ជូននេះកើតឡើងចំពេលដែលទីក្រុងញូវដេលីជំរុញការផលិតអាវុធក្នុងស្រុក និងបង្កើនការនាំចេញទៅកាន់ប្រទេសដទៃទៀត។
លោក Samir Kamat ប្រធានអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ (DRDO) បានប្រាប់សារព័ត៌មាន ANI ថា កិច្ចព្រមព្រៀងតម្លៃ ៣៧៥ លានដុល្លារ ដែលបានចុះហត្ថលេខាក្នុងខែមករា ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងការបញ្ជូនមីស៊ីលទៅកាន់ប្រទេសហ្វីលីពីនក្នុងពេលឆាប់ៗនេះ បើយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ។ លោកបាននិយាយថា “ប្រព័ន្ធមូលដ្ឋានរបស់មីស៊ីល BrahMos គួរតែត្រូវបានបញ្ជូនក្នុងពេលឆាប់ៗនេះ ក្នុងរយៈពេលដប់ថ្ងៃបន្ទាប់” ដោយលើកឡើងថាសមាសធាតុ ដែលនៅសល់នឹងត្រូវដឹកជញ្ជូននៅក្នុងខែមីនា ។
លោក Kamat បានបន្ថែមថា កាំជ្រួច BrahMos កំពុង “ទទួលបានការចាប់អារម្មណ៍ច្រើន” ពីអ្នកទិញដែលមានសក្តានុពល។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ប្រទេសថៃ វៀតណាម និងឥណ្ឌូនេស៊ី ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញមីស៊ីលនេះផងដែរ។
ប្រទេសបរទេសបានចង្អុលបង្ហាញថា ពួកគេចង់ទិញឧបករណ៍ការពារ ដែលផលិតដោយប្រទេសឥណ្ឌាផ្សេងទៀត រួមទាំង ‘Akash’ ដែលជាប្រព័ន្ធកាំជ្រួច ដែលអាចកំណត់គោលដៅយន្តហោះបានចម្ងាយរហូតដល់ ៤៥ គីឡូម៉ែត្រ យោងតាមប្រធានអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ ក៏បានលើកឡើងផងដែរ។ លោកបានបន្ថែមថា៖ «ខ្ញុំប្រាកដក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ការនាំចេញនឹងក្លាយជាផ្នែកដ៏សំខាន់នៃផលប័ត្ររបស់យើង»៕