រូបភាព SLIM យានអវកាសជប៉ុន នៅលើឋានព្រះចន្ទដំបូងៗ
ការចុះចតទទួលបានជោគជ័យរបស់យានចុះចត SLIM យ៉ាងត្រឹមត្រូវ នៅលើផ្ទៃនៃឋានព្រះចន្ទ និងបានបញ្ជូនទិន្នន័យមកកាន់ផែនដី បើទោះជួបបញ្ហាផ្ទាំងសូឡាមិនផលិតអគ្គិសនី និងត្រូវផ្អាកដំណើរការបណ្ដោះអាសន្ន។
អង្គការស្រាវជ្រាវអវកាសជប៉ុន (JAXA) បានប្រកាសថា យាន SLIM បានចុះចតនៅចម្ងាយប្រហែល 55 ម៉ែត្រប៉ុណ្ណោះ ពីទីតាំងដែលបានកំណត់ ព្រមទាំងបានប្រកាសបង្ហាញរូបភាពដំបូងៗមួយចំនួនពីបេសកកម្មនេះ។
ក្នុងចំណោមរូបថតដំបូងៗ ដែល JAXA បានប្រកាស រូបដែលត្រូវបានថតដោយកាមេរ៉ា SORA-Q បង្ហាញពីស្ថានភាពរបស់ SLIM។ យានចុះចតនេះនៅរក្សាបានទ្រង់ទ្រាយដើម ស្ថិតនៅលើផ្ទៃដីពណ៌ប្រផេះ និងមានដុំថ្មច្រើន ខណៈឯនាយគឺជាជម្រាលភ្នំលើឋានព្រះចន្ទ។
បើតាមJAXA ឱ្យដឹងយ៉ាងដូច្នេះថា «យោងតាមការគណនាបច្ចុប្បន្ន យើងកំពុងត្រៀមសម្រាប់ការតភ្ជាប់សកម្មភាពរបស់យានចុះចតនេះប្រហែលនៅថ្ងៃទី 01 កុម្ភៈ» ។
យានអវកាស SLIM ឬហៅថា Moon Sniper បានចុះចតលើឋានព្រះចន្ទដោយជោគជ័យកាលពីវេលាម៉ោង 22 និង 20 នាទី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ជួយឱ្យជប៉ុនក្លាយជាប្រទេសទីប្រាំ ដែលមានយានធ្វើសកម្មភាពនៅលើទីឋានរណបធម្មជាតិរបស់ផែនដី បើទោះជួបបញ្ហាផ្ទាំងសូឡាមិនផលិតអគ្គិសនី និងត្រូវផ្អាកដំណើរការ បន្ទាប់ពីចុះចតបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕