អ្នកផ្សព្វផ្សាយ «មិនពិត» អំពីកងទ័ព សភារុស្ស៊ីបានអនុម័តការរឹបអូសទ្រព្យសម្បត្តិតែម្តង

រុស្ស៊ី៖ សភា Duma របស់រុស្ស៊ី បានអនុម័តដំណាក់កាលដំបូងនៃសេចក្ដីស្នើច្បាប់ដែលអនុញ្ញាតឲ្យរឹបអូសទ្រព្យសម្បត្តិពីអ្នក ដែលត្រូវបានផ្តន្ទាទោសពីបទល្មើសព្រហ្មទណ្ឌមួយចំនួន កាលពីថ្ងៃម្សិលមិញនេះ ក្នុងនោះរួមទាំងការផ្សព្វផ្សាយនូវ «ព័ត៌មានមិនពិតដោយចេតនា» អំពីកងទ័ពរុស្ស៊ី។

វិធានការនេះក៏នឹងអនុវត្តផងដែរ ចំពោះអ្នកដែលត្រូវបានរកឃើញថា មានទោសពីបទ «បង្ខូចកិត្តិយស» កងកម្លាំងប្រដាប់អាវុធ ដោយអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ឬញុះញង់ឲ្យមានសកម្មភាពជ្រុលនិយម។ សភា Duma ដែលជាសភាជាន់ទាបរបស់រដ្ឋសភា បានអនុម័តសេចក្ដីព្រាងច្បាប់នេះ នៅក្នុងសេចក្ដីប្រកាសដំបូងក្នុងចំណោមតម្រូវការសេចក្ដីប្រកាសចំនួន៣ ជាមួយនឹងសំឡេងគាំទ្រ ៣៩៥ទល់នឹង៣។

ជាមួយគ្នានេះ ច្បាប់នេះនឹងអនុញ្ញាតឲ្យរដ្ឋរឹបអូសទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ី ដែលបានចាកចេញពីប្រទេស ហើយបានរិះគន់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែដែលបន្តពឹងផ្អែកលើប្រាក់ចំណូលពីការជួលផ្ទះ ឬផ្ទះល្វែងរបស់ពួកគេ នៅក្នុងប្រទេសរុស្ស៊ី។

សូមបញ្ជាក់ដែរ ចាប់តាំងពីបានបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានបង្កើនការគាបសង្កត់ជាយូរមកហើយលើគ្រប់រូបភាពនៃជម្លោះនយោបាយ។ ក្រោមច្បាប់ដែលបានអនុម័ត កាលពីខែមីនា នាឆ្នាំនោះ ការបង្ខូចកេរ្តិ៍ឈ្មោះកងកម្លាំងប្រដាប់អាវុធ ឬការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីពួកគេ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលវែង៕