មីស៊ីល ៣ប្រភេទ បានបាញ់ទម្លាក់ យន្តហោះដឹកជញ្ជូនយោធា

រុស្ស៊ី៖ យន្តហោះដឹកជញ្ជូនយោធា ដែលបានធ្លាក់នៅភាគខាងត្បូងប្រទេសរុស្ស៊ី នៅថ្ងៃម្សិលមិញនេះ ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីល ៣ប្រភេទ ដែលលោកខាងលិចផ្គត់ផ្គង់ឲ្យអ៊ុយក្រែន បើតាមការលើកឡើងពីលោក Andrei Kartapolov សមាជិករដ្ឋសភា Duma របស់រុស្ស៊ី និងជាឧត្តមសេនីយ៍ចូលនិវត្តន៍ ។

ទោះយ៉ាងណាក្ដី លោក Kartapolov មិនបានបញ្ជាក់ពីប្រភពព័ត៌មានរបស់លោកនោះឡើយ។ លោកបាននិយាយថា ការស៊ើបអង្កេតនឹងបង្ហាញថា តើមីស៊ីលទាំងនោះជាប្រភេទ Patriot ឬ IRIS-T។

សូមបញ្ជាក់ថា បើយោងតាមប្រព័ន្ធកម្មវិធីផ្ញើសារ Telegram ជាច្រើន បានឲ្យដឹងថា យន្តហោះដឹកជញ្ជូនយោធា Il-76 បានធ្លាក់នៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន នាថ្ងៃពុធនេះ ដោយឧបទ្ទវហេតុនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងស្រុក Korochansky របស់តំបន់នេះ ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយប៉ុស្តិ៍ 112 បានឲ្យដឹងថា មានមនុស្សចំនួន ៦៣នាក់ នៅលើយន្តហោះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បានរាយការណ៍ថា យន្តហោះកំពុងដឹកជញ្ជូនទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួន ៦៥នាក់ទៅកាន់តំបន់ Belgorod សម្រាប់ការដោះដូរអ្នកទោស ព្រមទាំងសមាជិកអាកាសយានិក ៦នាក់ និងអ្នកអមដំណើរ ៣នាក់ផងដែរ៕