អតីតបេក្ខជនប្រជែងតំណែងនាយករដ្ឋមន្ត្រីដ៏លេចធ្លោ ត្រូវបានតុលាការថៃសម្រេចថា មិនបានបំពានច្បាប់បោះឆ្នោត
ថៃ៖ លោក Pita Limjaroenrat (ភីថា លឹមចារ៉ើនរ៉ាត់) អតីតបេក្ខជនតំណែងនាយករដ្ឋមន្ត្រី តុលាការថៃ កាលពីថ្ងៃម្សិលមិញនេះ បានសម្រេចថា មិនបានបំពានច្បាប់បោះឆ្នោតនោះទេ ហើយអាចនៅតែជាតំណាងរាស្រ្ត ដោយការប្រកាសនេះនាំឲ្យរូបលោករួចផុតពីករណីដំបូង ក្នុងចំណោម ២ករណី ដែលផ្តោតលើគណបក្សប្រឆាំង Move Forward (បោះជំហានទៅមុខ)។
លោក ភីថា វ័យ ៤៣ឆ្នាំ ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard ដែលកិច្ចប្រឹងប្រែងរបស់លោក ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ត្រូវបានរារាំងដោយសមាជិកសភា ដែលមានសម្ព័ន្ធជាមួយយោធារាជានិយមនោះ ត្រូវបានធ្វើឲ្យជ្រះស្រឡះពីការមានទោសកំហុស ខណៈដែលតុលាការចាត់ទុកថា ក្រុមហ៊ុនដែលលោកមានភាគហ៊ុន មិនមានសម្បទានការផ្សព្វផ្សាយ ហើយមិនគួរត្រូវបានចាត់ទុកថា ជាអង្គភាពព័ត៌មានធំនោះទេ។
ការសម្រេចនេះនឹងក្លាយជាការជំរុញមួយ សម្រាប់គណបក្សបោះជំហានទៅមុខ ដែលកំពុងតែរីកចម្រើនជាលំដាប់ ដែលជាអ្នកឈ្នះដ៏គួរឲ្យភ្ញាក់ផ្អើលនៃការបោះឆ្នោតកាលពីឆ្នាំមុន ដោយបានទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង និងទីក្រុងជាមួយនឹងរបៀបវារៈដ៏ក្លាហានរបស់គណបក្ស ក្នុងការបញ្ចប់ភាពផ្តាច់មុខផ្នែកអាជីវកម្ម និងការធ្វើកំណែទម្រង់ច្បាប់ដែលដាក់ទណ្ឌកម្មលើការប្រមាថរបបរាជានិយម ដោយការដាក់ពន្ធនាគាររយៈពេលវែង។
តុលាការដដែលនេះ នឹងសម្រេចនៅសប្តាហ៍ក្រោយថា តើផែនការរបស់គណបក្សបោះជំហានទៅមុខ មិនស្របតាមរដ្ឋធម្មនុញ្ញ និងស្មើនឹងការប៉ុនប៉ង «ផ្តួលរំលំរបបប្រជាធិបតេយ្យរបស់រដ្ឋាភិបាលដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ» ដែរ ឬយ៉ាងណា៕