ភាពឯកាជាអ្វីឲ្យពិតប្រាកដ?

ភាពឯកាគឺកើតចេញអំពីសេចក្តីត្រូវការអ្នកដទៃ និងការទាមទារការយល់ចិត្តអំពីអ្នកដទៃប៉ុណ្ណោះ ! មិនមែនកើតចេញអំពីការនៅតែម្នាក់ឯងនោះទេ ប៉ុន្តែការនៅតែម្នាក់ឯងដោយគ្មានការទាមទារការយល់ចិត្ត និងសេចក្តីស្រលាញ់អំពីនរណាម្នាក់នោះ ឲ្យឈ្មោះថា”ឯករាជ្យ” គឺឯករាជ្យផុតចេញអំពីហ្វូងគំនិតដែលស៊ាំញាំទាំងឡាយ។

ជីវិតមិនចាំបាច់ទាល់តែស្របតាមបំណងរបស់យើងទើបហៅថាជីវិតមានន័យនោះទេ ព្រោះអ្វីៗមិនចេះតែបានតាមចិត្តចង់ឯណា។ ជីវិតរបស់នរជនណាដែលចេះស្របតាមដំណើរ នរជននោះទើបឲ្យឈ្មោះថា ជាអ្នកមានភាពសម្បូរបែប និងមានន័យបំផុត។

បុគ្គលណាចេះរកសុខដាក់ខ្លួនឲ្យឈ្មោះថា អ្នកឆ្លាត រីឯបុគ្គលណាមានស្មារតីស្វាគមន៍ទទួលយកសេចក្តីទុក្ខដែលមកកាន់ជីវិត ដោយមិនមានការធុញទ្រាន់ បុគ្គលនោះឲ្យឈ្មោះថាមានភាពចាស់ទុំក្នុងដំណើរជីវិតជាពិតប្រាកដ។

បុគ្គលកាលមានទំនុកចិត្តក្នុងដំណើរធម្មជាតិ បានឃើញគ្រប់យ៉ាងប្រព្រឹត្តទៅតាមហេតុសមតាមផល ដែលមាន ឃើញថាគ្មាននរណាមានអំណាចអាចធ្វើអ្វីឲ្យខ្លួនឯងបានសោះឡើយ បើគ្មានហេតុគ្រប់គ្រាន់ទេនោះ។ បុគ្គលនោះកាលឃើញដូច្នេះ រមែងមានទឹកចិត្តថ្លាផូរផង់ ស្រស់ស្រាយ បើទោះបីស្ថិតនៅក្រោមសភាពមិនសមប្រកបតាមបំណងក៍ពួកគេនៅតែអាចរស់នៅដោយភាពរឹងមាំបាន ប្រៀបដូចរុក្ខជាតិមានភាពរឹងមាំ ទោះត្រូវកំដៅថ្ងៃខ្លាំងយ៉ាងណាក៍នៅតែបន្តចាក់ឫសគល់ទៅក្នុងផែនដីចិញ្ចឹមដើមនិងខ្លឹម មានភាពចាស់ទុំជារបស់ខ្លួនគួរឲ្យសរសើរ។