ប្រមុខដឹកនាំស្លូវ៉ាគីថា អ៊ុយក្រែនត្រូវតែ បោះបង់ទឹកដីរបស់ខ្លួន និងថា អ៊ុយក្រែន មិនមែនជាប្រទេស ឯករាជ្យនោះទេ

ស្លូវ៉ាគី៖ លោក លោក Robert Fico នាយករដ្ឋមន្ត្រីនៃស្លូវ៉ាគី បានថ្លែងថា អ៊ុយក្រែនគួរតែទទួលស្គាល់ការបាត់បង់ទឹកដីមួយចំនួន ដែលពីមុនស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី។

លោក Fico បានធ្វើសេចក្តីថ្លែងការណ៍ ក្នុងអំឡុងពេលសម្ភាសន៍ ចុងសប្តាហ៍ជាមួយទូរទស្សន៍ RTVS ដោយឧទ្ទិសដល់ដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោកទៅកាន់អ៊ុយក្រែន។ នាយករដ្ឋមន្រ្តីស្លូវ៉ាគីគ្រោង នឹងធ្វើដំណើរនៅថ្ងៃពុធទៅកាន់ទីក្រុង Uzhgorod ដែលជាទីក្រុងនៅជិតព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីជួបជាមួយសមភាគីអ៊ុយក្រែន លោក Denis Shmygal យោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។

លោកបានបន្តថា ជម្លោះដែលកំពុងកើតឡើងរវាងក្រុងម៉ូស្គូ និងក្រុងគៀវ មិនអាចត្រូវបានដោះស្រាយ តាមរយៈមធ្យោបាយយោធានោះទេ ហើយគួរតែបញ្ចប់ដោយការសម្រុះសម្រួល ដែលអាចនឹងមាន«ការលំបាកសម្រាប់ភាគីទាំងសងខាង»។

សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ត្រូវបានបញ្ចូលជាផ្លូវការ ទៅក្នុងរដ្ឋរុស្ស៊ីនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ រួមគ្នាជាមួយតំបន់ Kherson និង Zaporozhye ជាលទ្ធផលនៃប្រជាមតិដែលបានធ្វើឡើងនៅក្នុងតំបន់ទាំងនោះ។ តំបន់ Crimea បានក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ីតាំងពីឆ្នាំ ២០១៤ ។

នាយករដ្ឋមន្ត្រីស្លូវ៉ាគី ក៏បានថ្លែងដែរថា អ៊ុយក្រែនមិនមែនជាប្រទេសឯករាជ្យ អធិបតេយ្យភាព នោះទេ ដោយសារវាស្ថិតក្រោមឥទ្ធិពល ទាំងស្រុងរបស់អាមេរិក។ លោកថែមទាំងបានរិះគន់សហភាពអឺរ៉ុបផងដែរ ចំពោះការធ្វើ “កំហុសដ៏ធំមួយ” នៃការធ្វើតាមការដឹកនាំរបស់ទីក្រុងវ៉ាស៊ីនតោន នៅពេលនិយាយអំពី ការដោះស្រាយជាមួយទីក្រុងគៀវ ជំនួសឱ្យការអភិវឌ្ឍទស្សនៈ “អធិបតេយ្យភាព” ផ្ទាល់ខ្លួនលើបញ្ហានេះ៕