ឆ្នាំនេះ ! ការព្យាករពី CEO រាប់ពាន់នាក់ថា បញ្ញាសិប្បនិម្មិតនឹងនាំឱ្យមនុស្សបាត់បង់ការងារកាន់តែច្រើន
ការប្រកាសដំណាលគ្នានឹងកិច្ចប្រជុំរបស់ក្រុមមេដឹកនាំពិភពលោក និងក្រុមហ៊ុននានា តាមរយៈការស្ទង់មតិមួយ ត្រូវបានធ្វើឡើងនៅ Davos ប្រទេសស្វ៊ីស បានឱ្យដឹងថា មួយភាគបីនៃក្រុមនាយកប្រតិបត្តិ ឬប្រធានក្រុមហ៊ុននៅទូទាំងពិភពលោក ព្យាករណ៍ថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិតទូទៅនឹងជួយកាត់បន្ថយចំនួនបុគ្គលិកយ៉ាងតិច 5% ក្នុងឆ្នាំ២០២៤នេះ ។
នៅមុនវេទិកាសេដ្ឋកិច្ចពិភពលោក វិស័យផ្សព្វផ្សាយ និងកម្សាន្ត ធនាគារ ធានារ៉ាប់រង និងដឹកជញ្ជូន គឺជាវិស័យនាំមុខគេនៃលទ្ធភាពកាត់បន្ថយបុគ្គលិក ដោយសារតែការប្រើប្រាស់ឧបករណ៍ ឬកម្មវិធី AI ទំនើបបំផុត នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងដោយ PwC ។
រីឯបណ្ដាក្រុមហ៊ុនបច្ចេកទេស និងសំណង់ ត្រូវបានព្យាករណ៍ថា មានលទ្ធភាពតិចតួចក្នុងការកាត់បន្ថយបុគ្គលិកព្រោះតែបច្ចេកវិទ្យាស្វ័យប្រវត្តិ ។
ការរកឃើញនេះគឺយោងទៅលើកិច្ចសម្ភាសន៍ជាមួយនឹងប្រធានក្រុមហ៊ុនជាង 4,700 នាក់ នៅក្នុងប្រទេសជាង 100 លើពិភពលោក។ ពួកគេក៏បានបង្ហាញនូវផលប៉ះពាល់ធំធេងដែលបច្ចេកវិទ្យា AI គ្រោងនឹងបង្កឡើងចំពោះសេដ្ឋកិច្ច និងសង្គម ៕