ប្រមុខដឹកនាំកំពូល WHO មានប្រសាសន៍ថា ពិភពលោកអាចប្រឈមនឹងការខកខានកាលបរិច្ឆេទកំណត់សម្រាប់សន្ធិសញ្ញាជំងឺរាតត្បាត

WHO៖ ប្រមុខដឹកនាំកំពូលអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងកាលពីថ្ងៃម្សិលមិញថា បណ្ដាប្រទេសនានាប្រឈមនឹងការខកខានកាលបរិច្ឆេទកំណត់ខែឧសភា សម្រាប់ការយល់ព្រមលើសន្ធិសញ្ញា ដែលមានកាតព្វកិច្ចស្របច្បាប់លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលនឹងក្លាយជាការប៉ះទង្គិចដ៏ធំមួយសម្រាប់មនុស្សជំនាន់ក្រោយ។

យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក សន្ធិសញ្ញាថ្មីនេះ និងការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ចំពោះច្បាប់ ដែលមានស្រាប់ស្តីពីការដោះស្រាយជំងឺរាតត្បាត មានគោលបំណងពង្រឹង ការការពាររបស់ពិភពលោកប្រឆាំងនឹងមេរោគថ្មី បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ បានសម្លាប់មនុស្សជាង ៧លាននាក់ ។

លោកតេដ្រូស អាដហាណូម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) អគ្គនាយកWHO បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ទីភ្នាក់ងារសុខភាពពិភពលោក នៅទីក្រុងហ្សឺណែវ ថា «ខ្ញុំមានការព្រួយបារម្ភណាស់ថា រដ្ឋជាសមាជិកអាចនឹងមិនបំពេញតាមការប្តេជ្ញាចិត្តនោះ ហើយមានបញ្ហាលេចធ្លោជាច្រើនដែលនៅតែត្រូវដោះស្រាយ»។

មានតែម្តងគត់ក្នុងប្រវត្តិសាស្ត្រ ៧៥ឆ្នាំរបស់អង្គការនេះ ដែលស្ថានប័នសុខភាពពិភពលោក WHO នេះបានយល់ព្រមលើកិច្ចព្រមព្រៀងបែបនេះ ហើយនោះគឺជាសន្ធិសញ្ញាគ្រប់គ្រងថ្នាំជក់ក្នុងឆ្នាំ២០០៣៕