ការជ្រើសរើស សម្តេចធិបតី ជាអ្នកដឹកនាំបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ប្រធានបក្សរុស្ស៊ីរូបរួម កោតសរសើរការសម្រេចចិត្តនេះ

ភ្នំពេញ៖ លោក ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរូបរួម បានថ្លែងកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងមូល ដែលបានជ្រើសរើសសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្តវេន ហើយលោកក៏បានប្រកាសគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលបានតែងតាំងសម្តេចធិបតីជាអនុប្រធានគណបក្សផងដែរ។

កិច្ចសន្ទនាតាមរយៈវីដេអូជាតាមលទ្ធផល រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានគណបក្សរុស្ស៊ីរូបរួម លោក ឌីម៉េទ្រី ម៉េដវេដេវ នាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ មេដឹកនាំគណបក្សទាំងពីរ យល់ឃើញថា ការសហការគ្នារវាងមេដឹកនាំវ័យក្មេងជំនាន់ក្រោយ ជាពិសេសរុស្ស៊ី ក៏បានគាំទ្រចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយបានអបអរសាទរនៅពេលដែលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលនេះជាការត្រៀមរៀបចំអ្នកបន្តវេនដ៏សមស្របមួយ។

នៅក្នុងកិច្ចសន្ទនានេះ លោក ឌីម៉េទ្រី បានថ្លែងកោតសរសើរចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃ របស់សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានជ្រើសរើសអ្នកបន្តវេនជាយុវជន ក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នាយូរអង្វែងតទៅទៀត។

នៅក្នុងកិច្ចសន្ទនានេះថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ បានពិភាក្សាជាច្រើន ដោយក្នុងនោះមេដឹកនាំគណបក្សទាំងពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និងបានសួរសុខទុក្ខគ្នាទៅវិញទៅមក សម្រាប់ឆ្នាំថ្មី។

ថ្នាក់ដឹកនាំទាំងពីរបានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះគឺជាគម្រប់ខួប២៥ឆ្នាំ ហើយគណបក្សទាំងពីរនឹងពិចារណាគ្នា នៅក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការបង្កើតនូវព្រឹត្តិការណ៍ចាំបាច់នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមកនេះ។

ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈចាំបាច់ ហើយថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅតាមពេលវេលាសមស្របទាំងទៅរស្ស៊ី និងមកកម្ពុជាផងដែរ។

ស្របគ្នានេះភាគីទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌវេទិកាទ្វេរភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ នៅក្នុងការរួបរួមគ្នាដោយធ្វើយ៉ាងណា ការពារផលប្រយោជន៍នៃតំបន់រៀងៗខ្លួន ជាពិសេសពង្រឹងពហុភាគីនិយមឲ្យបានត្រឹមត្រូវនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ កិច្ចសហប្រតិបត្តិការពហុភាគីនិយម នឹងបង្កើតបរិយាកាសឲ្យបក្សទាំងពីរអាចយោគយល់គ្នា នឹងជួយគ្នាទៅវិញទៅមក ទៅតាមភាពចាំបាច់ ស្របតាមច្បាប់ ដែលភាគីទាំងពីរបានគោរពនៅក្នុងអង្គការសហប្រជាជាតិនោះ។

នៅក្នុងកិច្ចសន្ទនាប្រមាណ២០នាទីនោះដែរ សម្តេចតេជោ ហ៊ុន សែន និងលោកឌីម៉េទ្រី ម៉េដវេដេវក៏បានមើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយត្រូវរួមគ្នាគិតឃើញថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺជាចំនុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន ដូច្នេះភាគីទាំងពីរនឹងរួបរួមគ្នា ដើម្បីធ្វើយ៉ាងណាក៏ដោយ កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយជួយមើលគ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់ដែលអាចធ្វើទៅបាន។

បើតាមផេកហ្វេសបុកសម្តេច បានឲ្យដឹងទៀតថា នៅក្នុងកិច្ចសន្ទនានោះមេដឹកនាំគណបក្សទាំងពីរ ក៏បានយល់គ្នាផងដែរថា កិច្ចសហប្រតិបត្តិការសំខាន់នោះ គឺការកសាងច្បាប់ និងកិច្ចសហប្រតិបត្តិការល្អទាំងអស់គ្នា ដោយសាររដ្ឋសភា និងព្រឹទ្ធសភា នៃប្រទេសយើងទាំងពីរ តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយគណបក្សដែលមានតំណាងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសនៅពេលដែលសម្ដេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៅថ្ងៃខាងមុខ សមាជិកព្រឹទ្ធសភារុស្ស៊ី និងបន្តកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ក្នុងមិត្តភាពជិតស្និទ្ធ ដើម្បីបន្តនូវវប្បធម៌ និងការគោរពគ្នាទៅវិញទៅមកគ្រប់ជំនាន់ផងដែរ។

ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរក៏បានផ្ដល់ការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាផ្សេងៗពាក់ព័ន្ធទៅនឹងវេទិកាធំៗ ដែលជាគំនិតផ្ដួចផ្ដើមរបស់មិត្តរុស្ស៊ី ក៏ដូចជាមិត្តផ្សេងៗទៀត នៅក្នុងសហគមន៍(BRICS) សហគមន៍អឺរ៉ាស៊ី ក៏ដូចនៅក្នុងសហគមន៍រុស្ស៊ី-មេគង្គ ក៏ជាចំណុចដែលភាគីទាំងពីរមានការពេញចិត្ត ក្នុងការផ្លាស់ប្ដូរនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយរាជរដ្ឋាភិបាលនៃប្រទេសនីមួយៗ នឹងធ្វើការសហការគ្នា ដើម្បីពិនិត្យមើលលទ្ធភាព នៃកិច្ចសហប្រតិបត្តិការជាក់ស្ដែងផងដែរ៕