ការស្ទង់មតិរដ្ឋ New Hampshire សហរដ្ឋអាមេរិក លោក ត្រាំ នៅតែនាំមុខលោកស្រី ហាលី ដោយពិន្ទុពីរខ្ទង់

អាមេរិក៖ ការស្ទង់មតិថ្មីមួយ តិចជាងមួយថ្ងៃមុននឹងឈានដល់ការបោះឆ្នោតបឋមថ្នាក់ជាតិនៅរដ្ឋ ញ៉ូវ ហែមស៊ៀ (New Hampshire) របស់សហរដ្ឋអាមេរិក បានបង្ហាញថាលោកអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) កំពុងនាំមុខលោកស្រី នីកគី ហាលី (Nikki Haley) អតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ ចំនួន ១៩ពិន្ទុ នៅក្នុងរដ្ឋដែលសម្បូរទៅដោយថ្មក្រានីតមួយនេះ។

ការចេញផ្សាយកាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ពីការស្ទង់មតិរបស់សារព័ត៌មាន ប៊ូសស្តុន គ្លូប (Boston Globe) សារព័ត៌មាន អ៊ិនប៊ីស៊ី ថេន (NBC-10) និងសាកលវិទ្យាល័យ ស៊ូសហ្វូក (Suffolk) ដោយបានស្ទង់មតិអ្នកបោះឆ្នោតបឋមរបស់បក្សសាធារណរដ្ឋចំនួន ៥០០នាក់ នៅរដ្ឋ ញ៉ូវ ហែមស៊ៀ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

លទ្ធផលបង្ហាញពីការស្ទង់មតិនោះបានរកឃើញថា លោកស្រី ហាលី បានទទួលការគាំទ្រចំនួន ៣៨,២ភាគរយ នៃអ្នកឆ្លើយតប ខណៈពេលដែលលោក ត្រាំ ទទួលបាន ៥៧,៤ភាគរយ។ អ្នកឆ្លើយតបចំនួន ១,៦ភាគរយផ្សេងទៀតបានជ្រើសយកអ្នកផ្សេងទៀត ហើយចំនួន ២,២ភាគរយ នៃអ្នកឆ្លើយតបមិនបានសម្រេចចិត្តនោះទេ។

ការរកឃើញរបស់ការស្ទង់មតិនេះ បានជំរុញដល់ការស្ទង់មតិផ្សេងទៀតដែលមើលឃើញនៅក្នុងរដ្ឋ ញ៉ូវ ហែមស៊ៀ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងកម្រិតថ្នាក់ជាតិ ដែលបង្ហាញថាលោក ត្រាំ បានរក្សាការនាំមុខដ៏គួរឲ្យកត់សម្គាល់ក្នុងការបោះឆ្នោតបឋម ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រី ហាលី បានបង្រួមការនាំមុខរបស់លោក ត្រាំ ក្នុងរដ្ឋថ្មក្រាលនីតមួយនេះនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕