ភាពរំជើបរំជួល នៅតំបន់ព្រំដែន បង្កឲ្យផ្ទុះអាវុធរវាងអ៊ីរ៉ង់ និងប៉ាគីស្ថាន

បរទេស៖ លោកស្រី Suzanne Maloney អនុប្រធានស្ថាប័ន Brookings និងនាយកគោលនយោបាយការបរទេស បានលើកឡើងថា ការវាយប្រហាររបស់អ៊ីរ៉ង់លើប៉ាគីស្ថាន ក្នុងសប្តាហ៍នេះ ដែលបាននាំឲ្យការតបតផ្នែកយោធាយ៉ាងឆាប់រហ័ស ទំនងជាមានបំណងធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងតំបន់ ប៉ុន្តែបង្កើនហានិភ័យនៃការកើនឡើងភាពតានតឹង ឬភាពចលាចល ក្នុងតំបន់កាន់តែខ្លាំង។

ប្រទេសជិតខាងទាំង២ ដែលប្រដាប់ដោយអាវុធធុនធ្ងន់ ជារឿយៗតែងមានជម្លោះលើអស្ថិរភាព នៅតាមព្រំដែនរបស់ពួកគេ ដែលហាក់ដូចជាចង់ព្យាយាមទប់ស្កាត់ភាពតានតឹង ដែលបណ្តាលមកពីការឈ្លានពានឆ្លងព្រំដែនកម្រិតខ្ពស់បំផុត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ យោងតាមអ្នកវិភាគ ២រូប និងមន្ត្រី ២នាក់ បានលើកឡើង ។

លោកស្រី Maloney បានបន្តថា៖ «មានជម្លោះជាយូរមកហើយ នៅតាមព្រំដែនអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងអ៊ីរ៉ង់។ ខ្ញុំគិតថា មានការប៉ុនប៉ងដោយចេតនា ដើម្បីធានាថា គ្មានយោធាណាមួយ ត្រូវបានវាយប្រហារលើភាគីណាមួយនោះទេ។ ជនជាតិអ៊ីរ៉ង់បានវាយប្រហារអ្វីដែលពួកគេបានពិពណ៌នាថា ជាក្រុមជីវពលដូចប្រជាជនប៉ាគីស្ថានដែរ»។

អ៊ីរ៉ង់បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅជុំវិញតំបន់ កាលពីថ្ងៃទី១៦ ខែមករាកន្លងមកនេះ ដោយការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងអ្វីដែលខ្លួនបានពិពណ៌នាថា ជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិកាយស៊ុននីដ៏រឹងរូស នៅភាគនិរតីប៉ាគីស្ថាន។ ២ថ្ងៃក្រោយមក ជាការសងសឹក ប៉ាគីស្ថាន បានវាយប្រហារអ្វីដែលខ្លួននិយាយថា ជាក្រុមសកម្មប្រយុទ្ធបំបែកខ្លួន នៅអ៊ីរ៉ង់ ដែលជាការវាយប្រហារតាមអាកាសលើកដំបូងលើដីអ៊ីរ៉ង់ ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់ឆ្នាំ១៩៨០-១៩៨៨។

ចំណាត់ការនេះបានធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីអស្ថិរភាពនៅមជ្ឈិមបូព៌ា ដែលបានរីករាលដាលចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើងនៅក្នុងខែតុលា។ កងជីវពលដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ ពីយេម៉ែន ដល់លីបង់ បានបើកការវាយប្រហារលើគោលដៅរបស់អាមេរិក និងអ៊ីស្រាអែល រួមទាំងការដឹកជញ្ជូនសមុទ្រក្រហម ដោយការអាណិតអាសូរជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។

ការវាយប្រហារនេះក៏បានកើតឡើង ១ថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលខ្លួនបាននិយាយថា បានកំណត់គោលដៅចារកម្មអ៊ីស្រាអែល និងប្រតិបត្តិការរដ្ឋឥស្លាមរៀងៗខ្លួន។ ហើយលោកស្រី Maloney បាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ក៏មានគោលបំណងបង្ហាញពីឥទ្ធិពលរបស់ខ្លួននៅក្នុងបរិបទនៃវិបត្តិក្នុងតំបន់ ជុំវិញតំបន់ហ្កាហ្សាផងដែរ៕